ព័ត៌មានទាន់ហេតុការណ៍៖

បាញ់ប្រហារបង្ហូរឈាមគ្នានៅព្រំដែនឥណ្ឌា-ប៉ាគីស្ថាន

ចែករំលែក៖

បរទេស៖ មានករណីបាញ់ប្រហារគ្នារវាងកម្លាំងទាហានប្រទេសទាំងពីរ​​នៅតំបន់ព្រំដែនកាស្មៀរ ដែលមានវិវាទ​​។
សារព័ត៌មាន​Sputnik បានផ្សាយថា កម្លាំងទាហានឥណ្ឌា បានចោទប្រកាន់ប៉ាគីស្ថានថាបានបំពានបទឈប់បាញ់​ដែលប្រទេសទាំងពីរបានព្រមព្រៀង​កាលពីឆ្នាំ​២០០៣​​ស្តីពីតំបន់ព្រំដែន(LOC) ។ ទាហានឥណ្ឌាបានប្រកាសឲ្យដឹងថា ទាហានប៉ាគីស្ថានបានបាញ់កាំភ្លើងធំឆ្លងចូលព្រំដែនឥណ្ឌា​ បណ្តាលឲ្យទាហានឥណ្ឌាម្នាក់ស្លាប់​​។ ភាគីឥណ្ឌាក៏បានវាយបកវិញភ្លាមៗផងដែរ​។
តាមតួលេខពីរដ្ឋាភិបាលឥណ្ឌា​បានឲ្យដឹងថា​ ក្នុង​ខែមិថុនាកន្លងមក មានទាហានឥណ្ឌា៦នាក់ស្លាប់​​ក្នុងការប៉ះទង្គិចគ្នានៅតាមព្រំដែនជាប់ប៉ាគីស្ថាន​។ ចំណែកភាគីប៉ាគិស្ថានវិញ​បានបញ្ជាក់ថា​មានពលរដ្ឋ៥នាក់ស្លាប់​ ក្នុងនោះមានកុមារ​២នាក់​ ដោយសារតែការបំពានច្បាប់ឈប់បាញ់នៅតំបន់​ព្រំដែន Nikial។
ឥណ្ឌានិងប៉ាគីស្ថាន​តែងតែចោទប្រកាន់គ្នាទៅវិញទៅមកថា បានបំពានច្បាប់ឈប់បាញ់​នៅតំបន់ព្រំដែន (LOC) ។ កាលពីខែមិថុនា ឥណ្ឌាបានចោទប្រកាន់​ប៉ាគីស្ថាន​ថាបានបំពានច្បាប់ឈប់បាញ់ដល់ទៅ​២០០០លើក​ក្នុងឆ្នាំ​២០២០នេះ​។ ចំណែក​ប៉ាគីស្ថានវិញបានចោទប្រកាន់ឥណ្ឌាថាបានបំពានច្បាប់ឈប់បាញ់​៩៥៧ លើក៕ដោយ៖ធី រីណា


ចែករំលែក៖