ព័ត៌មានទាន់ហេតុការណ៍៖

គណបក្សកាន់អំណាច​សិង្ហបុរី​បន្តយកឈ្នះក្នុងការបោះឆ្នោតសភា

ចែករំលែក៖

បរទេស៖នៅថ្ងៃទី​១១ ខែកក្កដា សារព័ត៌មានរ៉យទ័របានផ្សាយថា គណបក្សសកម្មភាពប្រជាជន(PAP)កាន់អំណាច​ទទួលបានជ័យជម្នះ​ក្នុងការបោះឆ្នោត សភានៅសិង្ហបុរី។
ប៉ុន្តែគណបក្សនេះ​នៅតែត្រូវចែករំលែក​១០ កៅអីសម្រាប់គណបក្សប្រឆាំង​ដែរ។ ការបោះឆ្នោតនៅសិង្ហបុរីកើតឡើងក្នុងពេលដែលប្រទេសនេះកំពុងតែខិតខំទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩ ។ គណបក្ស(PAP) បានកាន់អំណាចតាំងពី​ដើមមក ពោលគឺចាប់តាំងពីសិង្ហបុរី ទទួលបានឯករាជ្យនៅឆ្នាំ ១៩៦៥។ គណបក្សនេះ​ទទួលបានសំឡេងគាំទ្រភាគច្រើន​ក្នុងសភា ហើយនាយករដ្ឋមន្ត្រី លី ស៊ាងឡុង​នឹងបន្តកាន់តំណែងមួយអាណត្តិ៥ឆ្នាំទៀត ដែលជាអាណត្តិចុងក្រោយមុនពេលលោកចូលនិវត្តន៍។
លទ្ធផលបោះឆ្នោតបានបង្ហោះឲ្យឃើញថា គណបក្ស​(PAP) ទទួលបាន៨៣កៅអីក្នុងសភា​​។ ចំណែកគណបក្សប្រឆាំងទទួលបានតែ​១០ កៅអីប៉ុណ្ណោះ​ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មានសម្រាប់បក្សប្រឆាំងក្នុងប្រទេសនេះ។
បើទោះបីទទួលបានជ័យជម្នះក្តី ប៉ុន្តែនាយករដ្ឋមន្ត្រី លី បានទទួលស្គាល់ថា​ចំនួនពលរដ្ឋគាំទ្រមិនខ្ពស់ដូចការចង់បាន​នោះទេ។​ នាយករដ្ឋមន្ត្រីលីបញ្ជាក់ថា​«លទ្ធផលបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការឈឺចាប់​​និងការខកចិត្តដែលពលរដ្ឋសិង្ហបុរី​កំពុងកើតមាននោះគឺវិបត្តិពាក់ព័ន្ធកូវីដ​-១៩ ។
លោកលី បន្តទៀតថា បច្ចុប្បន្នប្រទេសជាតិកំពុងប្រឈមនឹងវិបត្តិ បង្កឡើងដោយកូវីដ​-១៩ ដោយចំនួនពលរដ្ឋ​អត់ការងារធ្វើបានកើនឡើង​ខ្ពស់ ហើយតម្រូវការពលករបរទេស​ក៏រងផលប៉ះពាល់ដោយសារតែកូវីដ​-១៩ដែរ៕ដោយ៖ធី រីណា


ចែករំលែក៖