ព័ត៌មានទាន់ហេតុការណ៍៖

សម្រង់សម្តីរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន

ចែករំលែក៖

ភ្នំពេញ៖ រណាយន្តនៅតែជាឧបករណ៍ដែលបំផ្លិចបំផ្លាញធនធានធម្មជាតិ ការរឹបអូសមានការកើនឡើង បង្ហាញពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់ប្រឆាំងនឹងបទល្មើសធនធានធម្មជាតិ។ ៦ ខែឆ្នាំ ២០២០ មន្ត្រីឧទ្យានុរក្សនៃ
ក្រសួងបរិស្ថាននិងមន្ត្រីនៃអង្គការដៃគូរួមនឹងសហគមន៍តំបន់ការពារធម្មជាតិដែលបានចុះល្បាតទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានរឹបអូសរណាយន្តចំនួន ២៣៦៩ គ្រឿង។ ក្នុងមួយឆ្នាំ ២០១៩ កន្លងទៅ រណាយន្តចំនួន ៣៤៩៤ គ្រឿងត្រូវបានដកហូតនិងរឹបអូសពីក្នុងតំបន់ការពារធម្មជាតិ។ ក្នុងកិច្ចសហការរវាងក្រសួងបរិស្ថាននិងអង្គការសម្ព័ន្ធមិត្តសត្វព្រៃក្នុងការការពារនិងអភិរក្សតំបន់ការពារធម្មជាតិនៅក្នុងតំបន់ជួរភ្នំក្រវាញដែលស្ថិតក្នុងភូមិសាស្ត្រខេត្តកោះកុង ពោធិ៍សាត់ កំពង់ស្ពឺសរុបផ្ទៃដីអភិរក្សមានទំហំ ១,៤ លានហិកតា មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ នៅក្នុងរយៈពេល ១៨ ខែចុងក្រោយនេះ (ខែមករា ឆ្នាំ ២០១៩ ដល់ខែមិថុនា ឆ្នាំ ២០២០) បានរឹបអូសបានរណាយន្តចំនួន ១៩៥៤ គ្រឿង។ ការប្រើប្រាស់រណាយន្តក្នុងគោលបំណងទុច្ចរិតបំផ្លិចបំផ្លាញធនធានធម្មជាតិគឺជាក្តីព្រួយបារម្ភមួយដែលចាំបាច់អាជ្ញាធរពាក់ព័ន្ធត្រូវចូលរួមចាត់វិធានការក្នុងគ្រប់គ្រងនិងរឹតបន្តឹងវិធានការលើការប្រើប្រាស់ ឬលក់ដូររណាយន្តឱ្យបានត្រឹមត្រូវបំផុត។ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានដែលជាមន្ត្រីនគរបាលយុត្តិធម៌បាននិងកំពុងបន្តត្រួតពិនិត្យ និងចាត់វិធាន ការក្តៅដកហូតយករណាយន្តដែលប្រជាពលរដ្ឋបានយកចូល និងប្រើប្រាស់ខុសច្បាប់ក្នងតំបន់ការពារធម្មជាតិ។ ក្រសួងបរិស្ថានសូមស្នើសុំដល់បងប្អូនប្រជាពលរដ្ឋចូលរួមសហការផ្តល់ព័ត៌មានដល់សមត្ថកិច្ចមន្ត្រីឧទ្យានុរក្ស ក្នុងករណីឃើញមានការនាំយកនូវរណយន្ត ឬការប្រើប្រាស់រណាយន្តខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិនានាដើម្បីមន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថានចាត់វិធានច្បាប់ដកហូត និងពិនិត្យលើការអនុវត្តវិធានការច្បាប់បន្តលើករណីផ្សេងទៀត។
ដោយឡែក អន្ទាក់គឺជាឃាតកលាក់មុខសម្លាប់សត្វព្រៃកម្ពុជា។ ការដោះអន្ទាក់គ្រប់ប្រភេទចេញពីតំបន់ការពារធម្មជាតិ ៦ ខែឆ្នាំ ២០២០ ពីខែមករា ដល់ខែមិថុនា អន្ទាក់សរុបចំនួន ២០ ១៧៩ អន្ទាក់ត្រូវបានដោះយកចេញ មានន័យថាបានជួយជីវិតសត្វព្រៃជាច្រើនម៉ឺនក្បាលឱ្យរួចរស់ជីវិត។ នៅឆ្នាំ ២០១៩ កន្លងទៅ អន្ទាក់ចំនួនជាង ៤ ម៉ឺនអន្ទាក់ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិ។ ក្នុងនោះ នៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាននិងអង្គការសម្ព័ន្ធមិត្តសត្វព្រៃក្នុងការការពារតំបន់ការពារធម្មជាតិក្នុងខេត្តកំពង់ស្ពឺ កោះកុង និងពោធិសាត់ អន្ទាក់ចំនួន៣២ ៣២២ អន្ទាក់ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិក្នុងរយៈពេល ១៨ ខែចុងក្រោយនេះ (ខែមករា ឆ្នាំ ២០១៩ ដល់ខែមិថុនា ឆ្នាំ ២០២០)។ អន្ទាក់ទាំងនោះ ខ្លះធ្វើពីខ្សែនីឡុង ឬខ្សែកាបដែកដែលបង្កគ្រោះថ្នាក់បំផុត។ អន្ទាក់កាន់តែមានសភាពគ្រោះថ្នាក់ឡើងនៅពេលជនល្មើសបានប្រើប្រាស់អន្ទាក់ដោយប្រើប្រាស់ចរន្តអគ្គុសនីដើម្បីឆក់សត្វក្នុងព្រៃ ឬការប្រើសំឡេងសត្វសប្បនិមិត្តដើម្បីចាប់សត្វ។ អន្ទាក់គឺជាឃាតកលាក់មុខដែលអាចសម្លាប់សត្វព្រៃគ្រប់ពេលវេលា ហើយអន្ទាក់ក៏ជាការគំរាមកំហែងដល់ប្រភេទសត្វមួយចំនួនដល់ស្ថិតក្នុងប្រភេទកម្រស្រាប់ឱ្យបាត់បង់ និងផុតពូជពីលើផែនដីយើងនេះ។ ចំពោះមុខនៃការគំរាមកំហែងរបស់អន្ទាក់លួចដាក់ដោយ ក្រុមព្រានព្រៃនេះ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន មិនត្រឹមតែចុះល្បាតដើម្បីទប់ស្កាត់បទល្មើសបំផ្លាញធនធានធម្មជាតិ ការកាប់បំផ្លាញព្រៃឈើទេ ប៉ុន្តែមន្ត្រីឧទ្យានុរក្សក៏បានដើរស្វែងរកអន្ទាក់ និងដោះចេញ និងបំផ្លាញអន្ទាក់ចោលដើម្បីសង្គ្រោះជីវិតសត្វព្រៃផងដែរ។ ដើម្បីបញ្ឈប់ការបរបាញ់សត្វ បញ្ឈប់ការដាក់អន្ទាក់ ចាប់សត្វ សូមបងប្អូនប្រជាពលរដ្ឋកុំបរិភោគសាច់សត្វ កុំជួញដូរសត្វព្រែ និងកុំជឿលើជំនឿថាបរិភោគសាច់សត្វ ឈាម ឬយកឆ្អឹងសត្វព្រៃទៅធ្វើឱសថប៉ូវម្លាំងឬជំនួយដល់សុខភាព តែវាអាចនឹងធ្វើឱ្យបងប្អូនប្រឈម មុខនឹងគ្រោះថ្នាក់ទៅវិញដោយសារតែអាចមានមេរោគផ្សេងៗ។ ជាមួយគ្នានេះ ដើម្បីកាត់ផ្តាច់មុខរបរចូលព្រៃកាប់ឈើ និងចូលព្រៃដាក់អន្ទាក់សត្វព្រៃ ននិងបរបាញ់សត្វព្រៃ ក្រសួងបរិស្ថានបានរៀបចំផែនការ បង្កើនជីវភាពប្រជាសហគមន៍មូលដ្ឋានដែលរស់នៅក្នុងតំបន់ការពារធម្មជាតិ ឬនៅជុំវិញតំបន់ការពារធម្មជាតិ ឱ្យរីកចម្រើនឡើងតាមរយៈការជំរុញឱ្យមានការបង្កើតការងារថ្មីក្នុងវិស័យទេសចរណ៍ធម្មជាតិនៅក្នុងតំបន់របស់ពួកគាត់៕

ដោយ៖សិលា


ចែករំលែក៖