អុីរ៉ង់៖ សារព័ត៌មាន Fars របស់អុីរ៉ង់នៅថ្ងៃទី១១ ខែកក្កដា បានផ្សាយថា ប៉ូលិសអុីរ៉ង់ចាប់បានគ្រឿងញៀនជាង២,៥តោននៅក្នុងខេត្តពីរផ្សេងគ្នាក្នុងប្រទេសនេះ ។
ស្នងការប៉ូលិសខេត្ត Kerman ស្ថិតនៅភាគខាងត្បូងប្រទេសអុីរ៉ង់ លោកAbodlreza Nazeri បានឲ្យដឹងថា កម្លាំងប្រឆាំងគ្រឿងញៀន ចាប់បានគ្រឿងញៀនរហូតដល់ទៅ១.៥២៦គីឡូក្រាមរួមទាំងកញ្ឆាផងដែរ។
ចំណែកនៅក្នុងខេត្ត Yazd ភាគកណ្តាលប្រទេសអុីរ៉ង់វិញ កម្លាំងប្រឆាំងគ្រឿងញៀនរឹបអូសបាន គ្រឿងញៀនសរុប១.០៤៨គីឡូក្រាម រួមទាំងកញ្ឆា។ ជាមួយគ្នានេះដែរកម្លាំងជំនាញចាប់ខ្លួនបានក្រុមជួញដូរ១០នាក់។
ដោយសារប្រទេសអុីរ៉ង់ស្ថិតនៅក្នុងតំបន់មានភូមិសាស្ត្រល្អ ក្នុងការដឹកជញ្ជូនគ្រឿងញៀនពីអាហ្វហ្គានីស្ថានឆ្លងកាត់ប្រទេសនេះ ដើម្បីយកទៅចែកចាយនៅក្នុងតំបន់អឺរ៉ុបនិងលើពិភពលោក។ តំបន់ភាគខាងកើត និងអាគ្នេយ៍ប្រទេសអុីរ៉ង់កំពុងក្លាយទៅជាទីតាំង ក្រៅសម្រាប់ក្រុមជួញដូរគ្រឿងញៀន។
ជាច្រើនទសវត្សរ៍កន្លងមក តំបន់ព្រំដែនភាគខាងកើតប្រទេសអុីរ៉ង់ តែងតែមានការប៉ះទង្គិចគ្នារវាងក្រុមជួញដូរគ្រឿងញៀននឹងកម្លាំងប៉ូលិសបណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើន ៕
ដោយ៖ធី រីណា