ខេត្តស្វាយរៀង៖ ជនសង្ស័យជាតិវៀតណាមជាមុខសញ្ញាជួញដូរគ្រឿងញៀនឆ្លងដែនម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលផែនការងារប្រឆាំងគ្រឿងញៀនខេត្តបញ្ជូនទៅកាន់តុលាការខេត្តស្វាយរៀងនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនចំនួន១១គីឡូក្រាម។
បើតាមមន្ត្រីនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានឱ្យដឹងថាជនសង្ស័យមានឈ្មោះង្វៀង ហុងផុក ភេទប្រុស ជនជាតិវៀតណាម។
ចំណែកថ្នាំញៀនដែលរឹបអូសបានមានចំនួន១១ដុំធំស្មើនឹងទម្ងន់១១គីឡូក្រាម(គិតទាំងសំបកវេចខ្ចប់)ជាប្រភេទមេតំហ្វេតាមីននិងកេតាមីន ព្រមទាំងម៉ូតូ១គ្រឿង។
ប្រភពបន្តថា ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេតសាវឿន អគ្គស្នងការនគរបាលជាតិ និងការដឹកនាំចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង
ទទូលផែនប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ស្ថិតក្រោមការដឹកនាំសម្របសម្រូលនីតិវិធីពីលោកខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងលោកស៊ន មុន្នី ព្រះរាជអាជ្ញារង កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១០៖៣០នាទីយប់នៅចំណុចចន្លោះបង្គោលព្រំដែនលេខ១៦៩-១៧០ ស្តិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយកម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្ត បានបើកប្រតិបត្តិការស្រាវជ្រាវនិងបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនមួយ ដោយបានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ជាជនជាតិវៀតណាម និងរឹបអូសវត្ថុតាងថ្នាំញៀនចំនួន១១ដុំធំមានទម្ងន់១១គីឡូក្រាម(គិតទាំងសំបកវេចខ្ចប់)ជាប្រភេទមេតំហ្វេតាមីននិងកេតាមីន និងម៉ូតូ១គ្រឿងផង ក្នុងខណៈដែលជនសង្សយ័កំពុងធ្វើសកម្មភាពនាំគ្រឿងញៀនឆ្លងដែនទៅកាន់ប្រទេសវៀតណាម៕ យឹម សុថាន