ឥណ្ឌូនេសុី៖ រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូនេស៊ី លោកPrabowo Subianto កាលពីថ្ងៃទី១០ ខែកក្កដា បានស្នើឲ្យធ្វើតេស្តរកកូវីដ-១៩ទៅលើកម្លាំងទាហានទាំងអស់នៅក្នុងប្រទេសនេះក្រោយពេលរកឃើញមានករណីឆ្លងកូវីដនៅក្នុងសាលា ទាហានជើងគោកក្នុងទីក្រុង Bandung ភាគខាងលិចខេត្តជ្វា។
មកដល់ថ្ងៃនេះមានអ្នកឆ្លងកូវីដ-១៩នៅក្នុងកងទ័ពកើនឡើង១.២៦២នាក់ នៅសាលាយោធាBandung។
អ្នកនាំពាក្យក្រសួងការពារជាតិ ឥណ្ឌូនេស៊ី លោកDahnil Anzar Simanjuntak បានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិPrabowo បានស្នើឲ្យធ្វើតេស្តទៅលើកម្លាំងទាហានទាំងអស់ ។កម្លាំងទាហានឥណ្ឌូនេស៊ីបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ នៅក្នុងប្រទេស។ ប៉ុន្តែក្រោយពីរកឃើញ មានទាហានឆ្លងកូវីដ-១៩ក្រសួងការពារជាតិបានស្នើឲ្យធ្វើតេស្តទៅលើទាហានទាំងអស់ ដែលបានចូលរួមក្នុងសកម្មភាពសង្គម ដើម្បីបញ្ចៀសការឆ្លងដល់ពលរដ្ឋវិញ។
តាមគេហទំព័រ worldometerបានឱ្យដឹងថា គិតមកដល់វេលាម៉ោង៣រសៀលថ្ងៃទី ១១ខែកក្កដា ឥណ្ឌូនេស៊ីមានករណីឆ្លងកូវីដ-១៩សរុប ៧២,៣៤៧នាក់ ក្នុងនោះសា្លប់៣,៤៦៩នាក់ និងជាសះស្បើយ៣៣,៥២៩នាក់៕ដោយ៖ធី រីណា