ភ្នំពេញ ៖ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០
ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ចៅក្រម គង់ ខេមរា ជាផ្លូវការ បើកការស៊ើបសួរលើសំណុំរឿងបើកររថយន្តដេញបំបុកចោរស្រីម្នាក់ដែលឆក់កាបូប បណ្តាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
សូមបញ្ជាក់ថា៖ បន្ទាប់ពីបើកការសាកសួរពេញមួយថ្ងៃ តំណាងអយ្យការបានចោទប្រកាន់លោកចៅក្រមពីបទ មនុស្សឃាតដោយអចេតនា រួចបានចាត់បញ្ជូនទៅខាងចៅក្រមស៊ើបសួរ ដើម្បីបន្តនីតិវិធី ថាតើត្រូវសម្រេចឃុំខ្លួន ឬមិនឃុំខ្លួនទៅលើជនត្រូវចោទ ជាចៅក្រម គង់ ខេមរា។
គួររំលឹកថាហេតុការណ៍ ដែលចៅក្រម គង់ ខេមរា បើកឡានដេញបំបុកជនសង្ស័យឱ្យស្លាប់ គឺបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ០២និង៤០នាទីរសៀល ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ នៅខាងត្បូងហាងលក់បាយសុខហុក តាមផ្លូវភ្នំពេញ-ហាណូយ ក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ លោកចៅក្រម សាដំបូងខេត្តកោះកុងមានឈ្មោះ គង់ ខេមរា អាយុប្រហែល៤០ឆ្នាំ បានបើករថយន្តដេញបុក ចោរស្រីម្នាក់ឈ្មោះ សាយ គឹមនី អាយុ៣០ឆ្នាំ បណ្តាលឱ្យស្លាប់ បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបចៅក្រមដែលមានប្រាក់ជាង៦ពាន់ដុល្លារអាមេរិក។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា ៖ ដំបូងគេឃើញស្ត្រីជាជនសង្ស័យជិះម៉ូតូហុងដា ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ ១HO-២៥៤៦ ពីទិសខាងជើងទៅខាងត្បូង ក្នុងល្បឿនលឿន ហើយមានរថយន្តហាយឡែនឌ័រមួយគ្រឿងបើកដេញតាមពីក្រោយ ។ លុះនៅពេលទៅដល់ចំណុចខាងលើ ក៏ត្រូវរថយន្តនោះបុកពីក្រោយពេញទំហឹង បណ្តាលឲ្យដួលបោកទៅនឹងថ្នល់ស្លាប់នៅនឹងកន្លែងតែម្តង។ ភ្លាមៗនោះ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនធ្វើកំណត់ហេតុស្តាប់ចម្លើយ បញ្ជូនខ្លួនទៅសាលាដំបូងតាមនីតិវិធី ។
សូមជម្រាបថា ៖ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ ស្រ្តីជនជាតិចិន ឈ្មោះ ថាង យាន បានបេីកឡានដេញបុកចោរឆក់ស្លាប់ ត្រូវបានចៅក្រមឃុំខ្លួនដាក់ពន្ធនាគារ ពីបទ មនុស្សឃាតដោយអចេតនា ។ ដោយឡែកនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ លោកចៅក្រមខេត្តកោះកុងបានបេីកឡានដេញបុកចោរឆក់ស្លាប់ដូចគ្នា តំណាងអយ្យការចោទប្រកាន់ពីបទ មនុស្សឃាតដោយអចេតនា ។ ប៉ុន្តែមិនដឹងថា ចៅក្រមស៊ើបសួរ ត្រូវសម្រេចបែបណា…! ចំពោះលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការសាលាដំបូងរាជធានី មិនទាន់ឆ្លើយតបនៅឡើយទេ រាល់ការសួរពីអ្នកសារព័ត៌មាន លើប្រព័ន្ធ Telegram នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ៕ដោយ៖សុខ ខេមរា