ខេត្តកំពង់ចាម ៖ សង្វៀនបញ្ជល់មាន់ភ្នាល់ដាក់លុយនៅចំណុចភូមិគងជ័យ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប ហេីយឃាត់ខ្លួនអ្នកចូលចិត្តលេងចំនួន០៩នាក់ ចាប់យកវត្ថុតាងមួយចំនួន បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ។
ការចុះបង្ក្រាបធ្វេីឡេីងនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១២ និង០០នាទីថ្ងៃត្រង់ បន្ទាប់ពីទទួលបានព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋ ។
លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បាន ដាក់បញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌអោយចុះ បង្ក្រាប ដោយចុះសហការជាមួយ កំលាំងអធិការដ្ឋាននគរបាលស្រុកកងមាស ។
ដោយមានការសម្របសម្រួលពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម និងដឹកនាំ កម្លាំងសមត្ថកិច្ចដោយផ្ទាល់លោកវរសេនីយ៍ឯក ថាញ់ សុខវុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានចុះបង្ក្រាបករណីលួចលេងល្បែងស៊ីសងខុសច្បាប់បញ្ជល់មាន់ភ្នាល់ដាក់ប្រាក់ នៅចំណុចភូមិគងជ័យ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ។
ជាលទ្ធផលយើងធ្វេីការបង្រ្កាប ក្រុមអ្នកលួចលេងល្បែងសុីសងខុសច្បាប់ ចំនួន០៩នាក់និងដកហូតវត្ថុតាងបានមួយចំនួន និងត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម៕ ដោយ ៖ វណ្ណៈ