ព័ត៌មានទាន់ហេតុការណ៍៖

ហេតុអី…ក៏ឈ្មួញលួចនាំចូលគ្រឿងក្នុងជ្រូកមានសារធាតុគីមីចូលបាន..!

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចស្រាវជ្រាវឈានដល់បង្ក្រាបទីតាំងស្តុកគ្រឿងក្នុងជ្រូកជិត១តោន មានផ្ទុកសាធាតុគីមី ក្នុងបទល្មើសជាក់ស្តែង និងឃាត់ខ្លួនម្ចាស់ស្តង់ម្នាក់ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ផ្ទុយទៅវិញប្រសិនបើការនាំចូលនៅតែបន្ត ដោយឈ្មួញទុច្ចរិត ប្រាកដណាស់ថា ..! ប្រជាពលរដ្ឋ ដែលជាអ្នកបរិភោគ គ្រោះថ្នាក់ប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរបំផុត។
សូមបញ្ជាក់ថា៖ កម្លាំងផែ្នកព្រហ្មទណ្ឌនគរបាលក្រុងប៉ោយប៉ែត បានសហការជាមួយកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ បានចុះឆែកឆេររោងស្តុកទុកគ្រឿងក្នុងជ្រូក២០កោះ ស្មើរនឹង១តោន ដែលមានផ្ទុកសារធាតុគីមី ព្រមទាំងឃាត់ខ្លួនម្ចាស់ស្តង់ម្នាក់ កាលពីល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងរោងបាំងស័ង្កសី ជិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានឱ្យដឹងថា៖ ការបង្ក្រាបគ្រឿងក្នុងជ្រូកនេះ បានធ្វើឡើងក្រោមបទបញ្ជាករបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត ឈានដល់លោកឧត្តមសេនីយ៍ត្រី ចាប សុផាឬទ្ធិ ស្នងការរងនគរបាលខេត្ត ដែលបានដឹកនាំកម្លាំងចុះបង្ក្រាបផ្ទាល់ ។
នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ សមត្ថកិច្ចបញ្ជាក់ថា ៖ ក្រោយចុះបង្ក្រាបនោះកម្លាំងរបស់លោក បានឃាត់ខ្លួនម្ចាស់ស្តង់មានឈ្មោះ អ៊ុល ក្លឹង អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ មានស្រុកកំណើតរស់នៅភូមិភ្នំសំពៅ ឃុំភ្នុំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង សព្វថ្ងៃមករស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

លោកស្នងការរង ចាប សុផាឬទ្ធិ បានបញ្ជាក់ថា គ្រឿងក្នុងជ្រូកស្តុកក្នុងទីតាំងរបស់ឈ្មោះ អ៊ុល ក្លឹង នោះសមត្ថកិច្ចបានឆែកឆេរកឃើញអណ្តាត ត្រចៀក ពោះ បេះដូង ក្រចកជើង សរុបមានចំនួន២០កេះ ស្មើរ១តោន សុទ្ធសឹងជារបស់មានជាតិគីមីទាំងអស់។
លោកឧត្តមសេនីយ៍ស្នងការរង បន្តថា៖ សម្ភារ និងវត្ថុតាងខាងលើ ក្រោយពីធ្វើកំណត់ហេតុរួច ខាងការិយាល័យជំនាញដឹកយកទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
អាចស្នើសុំទៅតំណាងអយ្យការ ដុត ឬកប់កំទេចចោល នូវគ្រឿងក្នុងជ្រូកមានសារធាតុគីមី ហើយជនសង្ស័យនឹងធ្វើកំណត់ហេតុស្តាប់ចម្លើយ បញ្ជូនទៅសាលាដំបូង៕

ដោយ៖សិលា


ចែករំលែក៖