អន្តរជាតិ៖នៅថ្ងៃទី១៣ខែកក្កដានាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្ស៊ូ អាបេ បានទៅកាន់ខេត្តKumamoto ដើម្បីវាយតម្លៃពីការខូចខាត ទ្រព្យសម្បត្តិនិងអាយុជីវិត បង្កឡើងដោយគ្រោះធម្មជាតិភ្លៀងធ្លាក់ខ្លាំង និងបាក់ដី។
ក្នុងពេលធ្វើដំណើរត្រួតពិនិត្យ លោក អាបេ បានទៅកាន់ តំបន់ដែលរងគ្រោះខ្លាំងជាងគេក្នុងនោះមានមណ្ឌលចាស់ជរា Senjuren ជាទីកន្លែងមានមនុស្ស១៤នាក់ស្លាប់ដោយទឹកជំនន់ ជនឡើងខ្ពស់ពីដងទន្លេ Kuma។ នៅក្នុងខេត្តKumamoto ទាំងមូលមានមនុស្ស៦៤នាក់ស្លាប់ដោយគ្រោះទឹកជំនន់និងបាក់ដី ។
លោក អាបេ បានបញ្ជាឲ្យមានគម្រោង អភិវឌ្ឍន៍ តំបន់រងគ្រោះឲ្យបានឆាប់បំផុត។ តាមរបាយការណ៍នៅថ្ងៃទី១៣ខែកក្កដារបស់ក្រសួងដែនដី និងហេដ្ឋារចនាសម្ព័ន្ធ ចរាចរណ៍ និងទេសចរណ៍ ជប៉ុនបានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យ កម្រិតទឹក ក្នុងព្រែក និងទន្លេ ចំនួន១០៥ កន្លែង ក្នុង១៤ខេត្ត នៃប្រទេសនេះ ជនលិចច្រាំង។ ជាមួយគ្នានេះភ្លៀងធ្លាក់ខ្លាំងជាប់គ្នាធ្វើឲ្យមានករណីបាក់ដីចំនួន៣១៦កន្លែង ក្នុងខេត្តចំនួន២៧ ទូទាំងប្រទេសជប៉ុន។
រដ្ឋាភិបាលជប៉ុន កំពុងប្រឈមនឹងឧបសគ្គយ៉ាងធំធេង ដោយត្រូវទប់ស្កាត់ការឆ្លងរាលដាល កូវីដ-១៩ ផង ត្រូវជម្លៀសពលរដ្ឋ ចេញពីតំបន់ រងគ្រោះដោយ គ្រោះធម្មជាតិផង៕ធី រីណា