កីឡាអន្តរជាតិ៖ ក្រុមបិសាចក្រហម Manchester United បានត្រឹមស្មើជាមួយក្រុមភ្ញៀវSouthampton ក្នុងលទ្ធផល ២ទល់២ ក្នុងការប្រកួតសប្តាហ៍ទី៣៥នៃលីកកំពូលអង់គ្លេស Premier League កាលពីរាត្រីថ្ងៃទី១៣ ម្សិលមុិញ។ លទ្ធផលនេះធ្វើឲ្យក្រុមបិសាចក្រហមបាត់បង់ឱកាសក្នុងការឈរចំណាត់ថ្នាក់លេខ៣ នៅបន្តចាញ់ក្រុមលេខ៣ចំនួន១ពិន្ទុ និងស្មើពិន្ទុជាមួយក្រុមលេខ៤ Leicester City។
ការប្រកួតនៅតង់ទី១ក្រុមភ្ញៀវ Southampton បាននាំមុខ១គ្រាប់ដោយកីឡាករ Stuart Armstrong នៅនាទីទី១២ ដោយការបញ្ជូនបាល់ពីកីឡាករ Redmond ។ ប៉ុន្តែនៅនាទីទី២០ខ្សែប្រយុទ្ធក្រុមបិសាចក្រហម Marcus Rashford រកបាន១គ្រាប់សងវិញ និងនៅនាទីទី២៣ខ្សែប្រយុទ្ធ Anthony Martial រកបាន១គ្រាប់ទៀត ធ្វើឲ្យលទ្ធផល២ទល់១រហូតចប់តង់ទី១។
ចូលដល់តង់ទី២ក្រុមម្ចាស់ផ្ទះបិសាចក្រហមនៅតែព្យាយាមរកគ្រាប់បាល់បន្ថែមទៀត ប៉ុន្តែមិនអាចរកបានដោយក្រុមភ្ញៀវព្យាយាមបិទ រហូតដល់ម៉ោងបន្ថែមនៅនាទីទី៩០+៦ ជិតចប់ការប្រកួតទៅហើយក្រុមភ្ញៀវក៏មានឱកាសស៊ុតបាល់ពីជ្រុងធ្វើឲ្យកីឡាករ Oriol Romeu របស់ក្រុម Southampton ស៊ុតចូលបាន១គ្រាប់ទៀត ធ្វើឲ្យក្រុមទាំង២ទទួលបានលទ្ធផលស្មើគ្នា២ទល់២ បានម្នាក់១ពិន្ទុបន្ថែមទៀត ។
ក្រុមរបស់លោក Solskjaer មានឱកាសដើម្បីប្រជែងជាមួយក្រុមកំពូលតារាងទាំង៤គឺ Chelsea និង Leicester ដែលបានរងបរាជ័យកាលពីចុងសប្តាហ៍ហើយឈានដល់ចំណាត់ថ្នាក់លេខ៣ ប៉ុន្តែពួកគេនៅតែឈរនៅលេខ៥ដដែលដោយនៅសល់៣ ប្រកួតទៀតនឹងចប់រដូវកាលនេះ ហើយឱកាសប្រជែងកៅអី Champions League រដូវកាលក្រោយក៏មានតិចដែរ។
អ្នកចាត់ការក្រុមបិសាចក្រហមលោក Ole Gunnar Solskjaer បាននិយាយថា កីឡាកររបស់លោកមានការខកខាន ខ្លះៗនៅរដូវកាលនេះដែលជាបញ្ហាប្រឈមមួយផ្សេងទៀតសម្រាប់យើង។ លោកអះអាងថា ខ្ញុំមានជំនឿចិត្តយ៉ាងខ្លាំងចំពោះចិត្តគំនិតរបស់កីឡាករ។ លោកពិតជាខកចិត្តណាស់ប៉ុន្តែអ្នកត្រូវតែទទួលយកការខកចិត្តក៏ដូចជាភាពវិជ្ជមាន។ យើងបានរៀនមេរៀនដ៏លំបាកមួយ យើងនឹងខិតខំព្យាយាមបន្តទៀត ។
ដោយឡែកក្រុមស្តេចស Real Madrid បានយកឈ្នះក្រុមម្ចាស់ផ្ទះGranada ក្នុងលទ្ធផល២ទល់១ នៅរាត្រីម្សិលមុិញដែរដើម្បីប្រជែងឈ្នះពាន La Liga ។ ខ្សែការពារសញ្ជាតិបារាំង Ferland Mendy បានរកគ្រាប់បាល់បញ្ចូលទីនៅនាទីទី១០ និងខ្សែប្រយុទ្ធរួមសញ្ជាតិ Karim Benzema រកបាន១គ្រាប់ទៀតនៅនាទីទី១៦ ធ្វើឲ្យក្រុម Real Madrid បន្តនាំមុខក្រុមម្ចាស់ផ្ទះ២ទល់០នៅតង់ទីមួយ។ នៅនាទីទី៥០ក្រុមម្ចាស់ Granada រកបាន១គ្រាប់សងវិញ ដោយកីឡាករ Darwin Machis ។
លទ្ធផលនេះធ្វើឲ្យក្រុមរបស់លោក Zinedine Zidane មាន៤ពិន្ទុដាច់ពីគូប្រជែងរបស់ខ្លួនគឺក្រុម Barcelona ដែលនៅសល់២ប្រកួតទៀតនឹងចប់រដូវកាល។ ដូច្នេះក្រុម Real Madrid ត្រូវការតែ២ពិន្ទុទៀតប៉ុណ្ណោះដើម្បីលើកពាន La Liga ។
បន្ទាប់ពីការទទួលបានជ័យជម្នះជាលើកទី៩របស់ក្រុម Real Madrid លោក Zidane បាននិយាយថា“យើងត្រូវតែរីករាយ និងខិតខំ១ប្រកួតទៀតសម្រាប់ថ្ងៃព្រហស្បតិ៍។ យើងនឹងបន្តហ្វឹកហាត់វិញនៅថ្ងៃអង្គារនេះដែល១ប្រកួតរបស់យើងចុងក្រោយពិតជាសំខាន់ណាស់” ។
សូមបញ្ជាក់ថា ក្រុមស្តេចស Real Madrid នឹងត្រូវប៉ះជាមួយក្រុមភ្ញៀវ Villarreal នៅថ្ងៃទី១៧ កក្កដាខាងមុខដែលជាការប្រកួតសំខាន់ បើក្រុមReal Madrid ឈ្នះនឹងលើកពាន La Liga រដូវកាលនេះតែម្តងដោយសារឈ្នះពិន្ទុលើក្រុមលេខ២ Barcelona ៤ពិន្ទុ ៕ដោយ៖ភារៈ