ខេត្តព្រៃវែង៖ លោក ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាននារសៀលថ្ងៃច័ន្ទ ៨រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំប្រាជ្ញស៊ុន ទីស្តីការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការបង្កើត និងកំណត់បែងចែកតំបន់គ្រប់គ្រង «តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងស្នេហ៍-ទួលព័ន្ធតាឡី» ក្នុងភូមិសាស្រ្ត ស្រុកបាភ្នំខេត្តព្រៃវែង ដោយមានការចូលរួមពី ឯកឧត្តម ហាស សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ម៉ី លីហួត អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម លោកស្រី ព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក មាស សុផល អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក គឹម ណុង អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ លោក ខៀវ បូរិន អគ្គនាយក នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន លោក អ៊ូ សេរី អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ លោកអភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង ប្រធានមន្ទីរបរិស្ថានខេត្តព្រៃវែង តំណាងមន្ទីរពាក់ព័ន្ធខេត្តព្រៃវែង និងមន្ត្រីពីនាយកដ្ឋានអភិរក្សតំបន់ដីសើមទឹកសាប នៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ ក្រសួងបរិស្ថាន។ កិច្ចប្រជុំនេះ មានគោលបំណង ចែករំលែកអំពីសក្តានុពលតំបន់ដីសើមបឹងស្នេហ៍-ទួលព័ន្ធតាឡី ក្នុងការដាក់ជាតំបន់ការពារធម្មជាតិដំបូងរបស់ខេត្តព្រៃវែង និងធ្វើការពិគ្រោះយោបល់ចុងក្រោយ អំពី ការបង្កើត និងកំណត់បែងចែកតំបន់គ្រប់គ្រង «តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងស្នេហ៍ទួលព័ន្ធតាឡី»។
ជាលទ្ធផល អង្គប្រជុំបានគាំទ្រចំពោះការបង្កើតតំបន់ការពារធម្មជាតិនេះ ដែលមានវិសាលភាពផ្ទៃដីចំនួន ៣៩២៤ ហិកតា៕
ដោយ៖សិលា