ខេត្តប៉ៃលិន៖ ពលរដ្ឋរស់នៅក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិនរាប់ពាន់នាក់មានការរីករាយសប្បាយចិត្តក្នុងការស្វាគមន៍ដល់ក្រុមការងាររបស់ រាជរដ្ឋាភិបាលចុះជួយខេត្តប៉ៃលិននិងក្រុមការងារតំណាងរាស្ត្រយុវជនស្ម័គ្រចិត្តស.ស.យ.ក.ដែលបានចុះចែកស្បៀងអាហារជូនពួកគាត់ដែលកំពុងខ្វះខាតនាសម័យជំងឺកូវីដ-១៩នេះ។
ការចែកស្បៀងអាហារនេះធ្វើឡើងរយៈពេល៣ថ្ងៃពេញគឺចាប់ពីថ្ងៃសៅរ៍ទី១១រហូតដល់ថ្ងៃចន្ទទី១៣ខែកក្តដាឆ្នាំ២០២០នេះទូទាំងស្រុកសាលាក្រៅនៃខេត្តប៉ៃលិន ដឹកនាំដោយលោកអុី ឈាននិងលោកស្រីបាន ស្រីមុំ អុីឈាន ជាមួយក្រុមការងារ។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះលោកអុី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិនបានផ្តាំផ្ញើនិងពាំនាំការនឹករលឹកពីប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោហ៊ុន សែនដែលសម្តេចតែងតែនឹករលឹកនិងគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ច ពិសេសគឺពលរដ្ឋដែលរស់នៅតាមបន្ទាត់ព្រំដែននិងតំបន់ដាច់ស្រយាល។
ឆ្លៀតក្នុងឱកាសនោះ លោកប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានបន្តអំពាវនាវដល់គ្រួសារប្រជាពលរដ្ឋទាំងអស់ សូមបន្តប្រុងប្រយ័ត្នពីការឆ្លងជំងឺកូវីដ-១៩ដោយត្រូវបង្កើនអនាម័យសុខភាពរស់នៅឱ្យបានល្អ កុំធ្វេសប្រហែស ត្រូវពាក់ម៉ាស់ឬក្រមា ហើយត្រូវដុសលាងសម្អាតដៃឱ្យបានស្អាតជាប្រចាំជាមួយសាប៊ូ ទឹកអាល់កុល ឬជែលកម្ចាត់មេរោគនិងបាក់តេរីផ្សេងៗ។ កន្លែងណាដែលមិនចាំបាច់ទៅសូមកុំទៅ ជាពិសេសកន្លែងដែលមានការប្រមូលផ្តុំមនុស្សច្រើន និងសូមស្តាប់អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប់ជាប្រចាំ៕
ដោយ៖ស សារ៉េត