ខេត្តស្វាយរៀង៖ បុរសម្នាក់ជាជាងធ្វើផ្ទះខណៈយកម៉ូទ័រមកកាត់ដែកមិនដឹងជាយ៉ាងម៉េចស្រាប់តែឆ្លងចរន្តភ្លើងបណ្ដាលឱ្យឆក់បង្កការភ្ញាក់ផ្អើលដល់មិត្តរួមការងារជួយសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យ ប៉ុន្តែអកុសលយឺតពេលទៅហើយ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ស្ថិតក្នុងភូមិមុខដា ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះ ចាន់ បៀន អាយុ៥៩ ឆ្នាំ មុខរបរជាងធ្វើផ្ទះ មានទីលំនៅភូមិមុខដា ឃុំមុខដា ស្រុករមាសហែក។
ប្រភពបន្តថា ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ធ្វើកំណត់ហេតុនិងពិនិត្យសពហើយសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយឆ្លងខ្សែភ្លើងម៉ូទ័រកាត់ដែកប្រាកដមែន។
តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុបុរសខាងលើបានទាញយកម៉ូទ័រភ្លើងដើម្បីកាត់ដែក ប៉ុន្តែប្រមាណជា១៥នាទីស្រាប់តែឃើញគាត់ដេកដួលប្រកាច់ទើបបង្កការភ្ញាក់ផ្អើលដល់មិត្តរួមការងារជួយសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យប៉ុន្តែអកុសលយឺតពេលទៅហើយ។
សពត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕ យឹម សុថាន