ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែបម្រើ Bryan Ruiz ប្រកាសចាកចេញពីក្លឹប Santos របស់ប្រេស៊ីល

ចែករំលែក៖

កីឡាអន្តរជាតិ៖ ខ្សែបម្រើអន្តរជាតិកូស្តារីកាកីឡាករ Bryan Ruiz បានចែកផ្លូវគ្នាជាមួយក្លឹប Santos បន្ទាប់ពីទើបតែលេងបាន១៤ប្រកួតក្នុងរយៈពេល២ឆ្នាំជាមួយក្រុមយក្សមួយនេះនៅក្របខ័ណ្ឌ Serie A របស់ប្រេស៊ីល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ស៊ីនហួរ។

កីឡាករ Bryan Ruiz ដែលកិច្ចព្រមព្រៀងនឹងត្រូវផុតកំណត់នៅខែធ្នូ ឆ្នាំ២០២០បាននិយាយថា រូបគេសង្ឃឹមថានឹងរកបានក្លឹបថ្មីក្នុងពេលឆាប់ៗនេះហើយបានបង្ហាញពីបំណងចង់បន្តអាជីពជាកីឡាករបាល់ទាត់របស់គាត់ប​ន្តទៀតប៉ុន្តែភ្លាមៗនោះក្លឹប Santos មិនបានឆ្លើយតបភ្លាមៗចំពោះការអត្ថាធិប្បាយនោះទេ។

កីឡាករវ័យ៣៤ឆ្នាំរូបនេះបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “គោលបំណងរបស់ខ្ញុំនៅពេលមកដល់ Santos ក្នុងខែកក្កដា ឆ្នាំ២០១៨ គឺដើម្បីផ្តល់ការចូលរួមជាអតិបរមាដើម្បីសម្រេចគោលដៅរបស់ក្រុម ប៉ុន្តែជាអកុសលខ្ញុំមិនមានឱកាស ឬការគាំទ្រដើម្បីធ្វើដូច្នេះទេ ខ្ញុំបានធ្វើការសម្រេចចិត្តចាកចេញដោយផ្អែកលើការមិនទទួលបានប្រាក់កម្រៃនិងការខូចខាតខាងសីលធម៌ដែលខ្ញុំបានទទួល”។

សូមបញ្ជាក់ថា Bryan Ruiz បានចូលរួមជាមួយក្លឹប Santos ក្រោយពីចេញពីក្លឹប Sporting Lisbon បន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោកកាលពីឆ្នាំ២០១៨ ហើយភ្លាមៗនោះគាត់បានចូលលេងក្នុងតួនាទីជាខ្សែបម្រើរបស់ក្លឹបក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Alexi Stivalទោះជាយ៉ាងណាកីឡាកររូបនេះបានបាត់បង់កន្លែងរបស់គាត់នៅក្នុងក្រុមរយៈពេល៣ខែបន្ទាប់ពីដោយមិនបានបង្ហាញខ្លួនជាជម្រើស១១នាក់ដំបូងនៅក្នុងទីលានប្រកួតឡើយ។ កីឡាករ Ruiz ធ្លាប់បង្ហាញខ្លួនឲ្យជម្រើសជាតិកូស្តារីកាចំនួន១២៥ដង និងធ្លាប់លេងឲ្យក្លឹប Fulham នៅអង់គ្លេស និងក្លឹប PSV Eindhoven នៅហុល្លង់ផងដែរ៕

ដោយ៖ភារៈ


ចែករំលែក៖