កីឡាអន្តរជាតិ៖ ក្រុមតោខៀវ Chelsea បានយកឈ្នះក្រុម Norwich City ក្នុងលទ្ធផល ១ទល់០ ធ្វើឲ្យក្រុមមួយនេះមានសង្ឃឹមកាន់តែខ្ពស់ក្នុងតំបន់ Top 4 នៅលីកកំពូលអង់គ្លេស ដែលមានកៅអីទៅលេងក្របខ័ណ្ឌ Champions League រដូវកាលក្រោយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC Sport នៅព្រឹកថ្ងៃពុធនេះ។
១គ្រាប់ដែលក្រុមម្ចាស់ផ្ទះ Chelsea រកបានដោយកីឡាករ Olivier Giroud នៅនាទីទី៤៥+៣ ជិតចប់ការប្រកួតតង់ទៅ១ទៅហើយ។ ជ័យជម្នះនេះពង្រឹងក្រុមតោខៀវ Chelsea ឈរនៅចំណាត់ថ្នាក់លេខ៣ក្នុងតារាង Premier League ដែលពួកគេលើស៤ពិន្ទុពីលើក្រុម Leicester City និង Manchester United ដែលក្រុមទាំងពីរនឹងប្រកួតនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ។
លោក Frank Lampard អ្នកចាត់ការទូទៅរបស់ក្រុម Chelsea និយាយថាលោកចង់បានអ្វីបន្ថែមទៀតពីក្រុមរបស់លោកប៉ុន្តែវាអាចរង់ចាំបាន ខណៈដែលការព្យាយាមរបស់យើងដើម្បីដណ្តើមបានកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League រដូវកាលក្រោយនៅសល់១ប្រកួតទៀតសម្រាប់ពួកយើង។
លោក Lampard បានប្រាប់ទូរទស្សន៍ Sky Sports ថា “នៅដំណាក់កាលនៃរដូវកាលនេះលទ្ធផលគឺសំខាន់ហើយយើងមិនបានទុកឱកាសណាមួយដើម្បីឲ្យពួកគេស៊ុតបញ្ចូលទីបានទេ។ យើងមិនបានផ្តល់ឱ្យពួកគេនូវអ្វីដែលធ្វើឱ្យយើងព្រួយបារម្ភទេ។ យើងមានពេល ១០ទៅ១៥ នាទីនៅក្នុងតង់ទី២ ដែលយើងមានឱកាសរកគ្រាប់បាល់បន្ថែមទៀត ប៉ុន្តែមិនអាចទៅរួច។ យើងនៅតែសង្ឃឹមថា កៅអីក្របខ័ណ្ឌកំពូលអឺរ៉ុបរដូវកាលក្រោយពួកយើងនឹងមាន”។
សូមបញ្ជាក់ថា ក្រុមតោខៀវ Chelsea នៅសល់២ប្រកួតទៀតនឹងចប់រដូវកាលនេះដោយប៉ះក្រុមហង្សក្រហម Liverpool នៅថ្ងៃទី២៣ ខែកក្កដា នៅក្រៅទឹកដី និងប៉ះក្រុម Wolverhampton Wanderers នៅថ្ងៃទី២៧ ខែកក្កដានៅក្នុងទឹកដី ដែលចាំបាច់ត្រូវរក្សាការឈ្នះ និងស្មើទើបអាចមានឱកាសកក់កៅអីទៅលេង Champions League រដូវកាលក្រោយបាន។ ចំណែកក្រុម Norwich ត្រូវទៅលេងនៅលីកទី២របស់អង់គ្លេសដោយស្វ័យប្រវត្តិដោយបច្ចុប្បន្នកំពុងឈរបាតតារាងលីកកំពូលអង់គ្លេសដែលត្រូវកាត់ចេញ ៕ដោយ៖ភារៈ