ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តជនជាតិចិនបោលបុកចូលផ្ទះប្រជាពលរដ្ឋទាំងយប់ តែសំណាងដែរម្ចាស់ផ្ទះមិនរងរបួស

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់មួយ តែជាសំណាងក្នុងមួយពាន់គ្រោះថ្នាក់ដែលម្ចាស់ផ្ទះមិនបានរងគ្រោះថ្នាក់បន្ទាប់ពីរថយន្តរ៉េងរ៉ូវើរមួយគ្រឿងបោលបុកចូលផ្ទះប្រជាពលរដ្ឋបង្កការភ្ញាក់ផ្អើលទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី១៤ ខែកក្កដាឆ្នាំ២០២០នៅចំណុចកែងភូមិត្រោក ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះកែប មីល អាយុ៥១ឆ្នាំ ភេទប្រុស រស់នៅភូមិត្រោក ឃុំអំពិល ស្រុករមាសហែក។

ប្រភពបន្តថា ចំណែករថយន្តដែលបុកចូលផ្ទះអ្នកភូមិម៉ាករ៉េងរ៉ូវើរ ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ២U-៧៩៨៩ អ្នកបើករថយន្តមិនត្រូវបានស្គាល់ឈ្មោះនោះទេ ប៉ុន្តែបើតាមការអះអាងពីម្ចាស់ផ្ទះគឺជនជាតិចិន៤នាក់ក្នុងនោះមានស្រីម្នាក់។

ប្រភពពីឈ្មោះកែប មីល ម្ចាស់ផ្ទះបានប្រាប់សមត្ថកិច្ចថា មុនកើតហេតុគាត់និងក្រុមគ្រួសារកំពុងដេកលង់លក់ក្នុងដំណេកយ៉ាងស្កប់ស្កល់ ខណៈនោះស្រាប់តែឮសូរប្រាវធ្វើឱ្យម្នាក់ៗភ្ញាក់ស្រឡាំងកាំង ប៉ុន្តែសំណាងដែរដែលមិនមានមនុស្សណាម្នាក់រងគ្រោះថ្នាក់។

ក្រោយមកប្រមាណជាកន្លះម៉ោងក៏មានជនជាតិចិនបើករថយន្តផ្សេងទៀតមកទទួលដឹកក្រុមជនបង្កឆ្ពោះទៅក្រុងបាវិតបាត់ទៅ៕យឹម សុថាន


ចែករំលែក៖