ព័ត៌មានទាន់ហេតុការណ៍៖

ទ្រី តារាវុធ ប៉ះព្រះកាយ ច័ន្ទ លើកដំបូងក្នុងរឿង”ក្រមុំមុខពីរ”

ចែករំលែក៖

    ភ្នំពេញ៖ តារាសម្តែងស្រស់សង្ហាលោក ទ្រី តារាវុធ ក្តាប់បានតំណែងតួឯកប្រុសក្នុងភាពយន្តភាគថ្មីរឿង”ក្រមុំមុខពីរ”។ ក្នុងភាពយន្តភាគថ្មីនេះលោកបានសម្តែងរួមគ្នាជាលើកដំបូងជាមួយតារាសម្តែងស្រីស្រស់សោភាកញ្ញា ព្រះកាយ ច័ន្ទ។

ភាពយន្តភាគថ្មីរឿង”ក្រមុំមុខពីរ” ដែលដឹកនាំសម្តែងដោយផលិតករជើងចាស់លោក ហ៊ុយ វាសនា បានចាប់ផ្តើមចេញថតហើយកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ។ តំណែងតួឯកក្នុងភាពយន្តនេះត្រូវបានគេស្គាល់ថាជាអតីតបេក្ខជនតារាបង្ហាញម៉ូតស្រស់សង្ហា លោកទ្រី តារាវុធ និងតារាសម្តែងស្រីរាងស្រឡូនកញ្ញា ព្រះកាយច័ន្ទ។ ជំនួបគ្នាក្នុងតំណែងតួឯកជាលើកដំបូងមែន ប៉ុន្តែលោកទ្រី តារាវុធ ហាក់មានជំនឿជាក់ខ្ពស់លើការប៉ះគ្នាមួយនេះ។ លោកថា ការសម្តែងបានមួយថ្ងៃដំបូងលោកហាក់មានអារម្មណ៍ប្លែកនិងនឹកស្មានមិនដល់ថាអាចសម្តែងស៊ីចង្វាក់គ្នាខ្លាំង បើទោះបីជាពីមុនមិនធ្លាប់សម្តែងរួមគ្នាក៏ដោយ។ លោកថា ភាពយន្តនេះលំបាកបន្តិចជាងភាពយន្តកន្លងទៅព្រោះតែមានឈុតឆាកឈ្លោះគ្នាច្រើនជាមួយតួស្រីដែលតម្រូវឲ្យលោក និងតួឯកស្រីចងចាំពាក្យពេចន៍ច្រើនគឺឈ្លោះទៅឈ្លោះមកច្រើន ។ ទោះជាយ៉ាងណាលោករំពឹងលើភាពយន្តមួយនេះច្រើនព្រោះតែទាំងតារាសម្តែង ផលិតករ និងឈុតឆាកនីមួយៗត្រូវបានសម្រិតសម្រាំងច្រើនជាងភាពយន្តភាគកន្លងទៅ ហើយក៏ជាប្រភេទភាពយន្តដែលទស្សនិកជននិយមចូលចិត្តទស្សនាផងដែរ។ លោកថាជាជំហានថ្មី និងកាន់តែបង្កើនសមត្ថភាពច្រើនលើការសម្តែងជាតួអង្គបែបថ្មីនេះផងដែរ។ លោកថាភាពយន្តនេះនឹងត្រូវចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ បាយ័នក្នុងពេលដ៏ខ្លីខាងមុខនេះដែលលោករំពឹងថានឹងទទួលបានការពេញចិត្តច្រើនពីទស្សនិកជន ៕ ដោយ៖ វឌ្ឍនា


ចែករំលែក៖