អន្តរជាតិ៖ ទីភ្នាក់ងារសារព័ត៌មានកាសែតបាងកកប៉ុស្ដិ៍ បានរាយការណ៍ថាមានករណីបុរស ជនជាតិអាមេរិកវ័យ ៣០ ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺ COVID-19 បន្ទាប់ពីរូបគេ បានទៅចូលរួមពិធី “ជប់លៀងកូវីដ”។ នេះបើតាមអ្នកស្រីវេជ្ជបណ្ឌិត Jane Appleby ដែលជាប្រធានផ្នែកវេជ្ជសាស្ត្រនៅក្នុងមន្ទីរពេទ្យ Methodist ក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិកបានបញ្ជាក់កាលពីថ្មីៗនេះ ។
កាសែតបាងកកប៉ុស្ដិ៍ បញ្ជាក់ថា បុរសជនរងគ្រោះ បានសម្រេចទៅចូលរួមពិធី “ជប់លៀងកូវីដ” ដែលរៀបចំឡើងដោយអ្នកជំងឺ COVID-19 ម្នាក់ ហើយគោលបំណងក្នុងការទៅចូលរួមពិធីដ៏គឃ្លើននេះ គឺព្រោះតែរូបគាត់ចង់បង្ហាញថា ខ្លួននៅវ័យក្មេងមានសុខភាពល្អគ្រប់គ្រាន់អាចទប់ទល់ជំងឺមួយនេះបាន ។ ដោយជំងឺនេះមិនងាយឆ្លងដូចមនុស្សចាស់ជរា និងអ្នកមានជំងឺប្រចាំកាយស្រាប់នោះទេ ។ ហើយមុនពេលដែលបុរសរូបនេះបានស្លាប់ គាត់ក៏ធ្លាប់និយាយទៅកាន់ក្រុមគ្រូពេទ្យរបស់គាត់ថា៖«អ្នកដឹងទេ ខ្ញុំគិតថាខ្ញុំបានបង្កកំហុស ដោយខ្ញុំធ្លាប់គិតថាជំងឺនេះជាការបោកបញ្ឆោត (hoax) ប៉ុណ្ណោះ» ។
ដោយឡែកអ្នកស្រីវេជ្ជបណ្ឌិត Jane Appleby បានឲ្យដឹងថា បើទោះជំងឺCOVID-19 បានសម្លាប់មនុស្សជាច្រើននាក់នៅជុំវិញពិភពលោកក៏ដោយប៉ុន្តែមើលទៅពលរដ្ឋអាមេរិកមួយចំនួនតូច ហាក់ដូចជាមិនខ្លាចជំងឺមួយនេះទាល់តែសោះ ។ ខណៈអ្នកខ្លះ គិតថាពួកគេនៅក្មេងមិនងាយឆ្លងជំងឺ ហើយបើទោះជាឆ្លងក៏អាចព្យាបាលវិញបានដោយងាយផងដែរ ។
អ្នកស្រីវេជ្ជបណ្ឌិត Jane Appleby បន្តថា មនុស្សគ្រប់វ័យអាចឆ្លងជំងឺCOVID-19 មិនថាជាមនុស្សចាស់ជរា ឬមានជំងឺប្រចាំកាយនោះទេ។មនុស្សវ័យក្មេងច្រើនគិតថាពួកគេមានសុភាពល្អ ប៉ុន្តែមិនមែននោះទេ ពួកគេអាចនឹងឈឺធ្ងន់ជាងការដែលយើងមើលឃើញនៅខាងក្រៅទៅទៀត។
អ្នកស្រីវេជ្ជបណ្ឌិត សង្កត់ធ្ងន់ថា បើមើលនឹងភ្នែកគឺពួកគេមិនដូចជាមនុស្សឈឺនោះទេ ប៉ុន្តែប្រសិនបើពិនិត្យមើលកម្រិតអ៊ុកស៊ីសែនរបស់ពួកគេនៅក្នុងមន្ទីរពិសោធន៍ យើងដឹងច្បាស់ថាពួកគេកំពុងតែឈឺ៕ដោយ៖ស តារា