អន្តរជាតិ៖នៅពេលដែលក្រុមអ្នកសារព័ត៌មានសួរ ពីកម្លាំងប៉ូលិសប្រើអំពើហិង្សាទៅលើក្រុមជនជាតិស្បែកខ្មៅ ប្រធានាធិបតីដូណាល់ត្រាំបានបញ្ជាក់ថា«ក្រុមជនជាតិស្បែកសរងការសម្លាប់ ច្រើនជាងជនជាតិស្បែកខ្មៅទៅទៀត។
ឆ្លើយតបនឹងបណ្តាញព័ត៌មាន CBS ប្រធានាធិបតីដូណាល់ ត្រាំបញ្ជាក់ថាជនជាតិស្បែកសរងការសម្លាប់ច្រើនជាងជនជាតិស្បែកខ្មៅទៅទៀត។ លោកត្រាំបញ្ជាក់ថា ការស្លាប់របស់George Floyd គឺជារឿងមួយដ៏អាក្រក់ ប៉ុន្តែ ជនជាតិស្បែកសក៏រងការសម្លាប់ដែរ ហើយមានច្រើនជាងជនជាតិស្បែកខ្មៅទៅទៀត។
នៅពេលដែលពិធីករHerridge សួលោកត្រាំថា ហេតុអ្វីបានជា ជនជាតិអាមេរិក ដើមកំណើតអាហ្វ្រិកត្រូវស្លាប់ក្រោមស្នាដៃកម្លាំង ប៉ូលិស ? លោកត្រាំ មិនមានឆ្លើយសំណួរខាងលើនោះឡើយ ដោយបង្វែរទិសដៅវិញ។ លោកត្រាំបញ្ចាក់ថា នេះមិនមែនជាសំណួរល្អនោះឡើយ ជនជាតិស្បែកសរងការសម្លាប់មានច្រើនជាងទៅទៀត ។
តាមតួលេខ ពីប្រភពជាច្រើនបានបានបញ្ជាក់ថា ការលើកឡើងរបស់លោកត្រាំ គឺខុសពីការពិត ។ តាមការស្រាវជ្រាវ របស់The Counted បណ្តាញព័ត៌មាន Guardian នៅឆ្នាំ២០១៦-២០១៧ បង្ហាញឲ្យឃើញថា ក្រុមជនជាតិស្បែកខ្មៅនៅអាមេរិក រងការសម្លាប់ច្រើនជាងជនជាតិស្បែកសដល់ទៅទ្វេដង។
ជាមួយគ្នានេះដែរ របាយការណ៍ស្រាវជ្រាវរបស់Washington Post ដែលបានប្រកាស កាលពីថ្ងៃទី១៣ខែកក្កដា ក៏បានបង្ហាញឲ្យឃើញថាក្រុមជនជាតិស្បែកខ្មៅរងការវាយប្រហារពីប៉ូលិសច្រើនជាងក្រុមជនជាតិស្បែកស បើទោះបីជនជាតិស្បែកខ្មៅ មានប្រមាណ១៣ភាគរយនៃចំនួនពលរដ្ឋអាមេរិកសរុបក្តី ៕ ធី រីណា