ភ្នំពេញ៖ មន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់សារព័ត៌មានយើងឲ្យដឹងនៅថ្ងៃទី១៥ ខែកក្កដានេះថា ក្រុមជំនាញផ្នែកលូ ប្រឡាយ និងអគិ្គសនី បានជូនដំណឹងទៅប្រជាពលរដ្ឋដែល រស់នៅតំបន់ខាងលិច ខាងកើតស្តុបណ័រប្រ៊ីត និងខាងត្បូងព្រលានយន្តហោះសូមកុំភិតភ័យនិងមានកង្វល់ពីការលិចលង់ដោយជំនន់ទឹកភ្លៀងទៀតទៅព្រោះចាប់ពីថ្ងៃស្អែកនេះតទៅខាងអគ្គិសនីកម្ពុជាបានចុះមកដោះស្រាយរំកិលបង្គោលភ្លើងនៅផ្លូវប្រឡាយបារាំង ដើម្បីឲ្យក្រុមការងារការដ្ឋានបានភ្ជាប់លូមេបណ្តោះអាសន្នទៅលូប្រអប់ទំហំ៧.៥ម៉ែត្រ កម្ពស់២.៥ម៉ែត្រ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកហួត សុខលីម មន្ត្រីទទួលបន្ទុកផ្នែកជំនាញ ផ្លូវ លូ ប្រឡាយ និងអគិ្គសនី នៅរាជធានីភ្នំពេញ ។ លោកបានបញ្ជាក់ថា ដើម្បីដោះ ស្រាយទឹកលិចខាងលិចស្តុបណ័រប្រ៊ីត នៅព្រឹកថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២០នេះអគ្គិសនីកម្ពុជាបានចុះដោះស្រាយរំកិល បង្គោលភ្លើងនៅផ្លូវប្រឡាយបារាំង ដើម្បីឲ្យការដ្ឋានភ្ជាប់លូមេបណ្តោះ អាសន្នទៅលូប្រអប់ទំហំ ៧.៥ម៉ែត្រ កម្ពស់២.៥ម៉ែត្រ ដើម្បីដោះស្រាយទឹកលិចនៅខាងលិចស្តុបណ័រប្រ៊ីត តំបន់ខាងកើត និងខាងត្បូងព្រលានយន្តហោះ។ ការភ្ជាប់លូបណ្តោះអាសន្ននេះ សង្ឃឹមថានឹងកាត់បន្ថយការលិចលង់ចាប់ពីថ្ងៃស្អែកតទៅ។
មន្ត្រីរូបនេះបានបន្ដថា៖ ការដ្ឋានប្រឡាយបេតុងស្ទឹងមានជ័យ និងការដ្ឋានដាក់លូប្រអប់ទទឹង ៧.៥ម៉ែត្រកម្ពស់ ២.៥ម៉ែត្រ ចាប់ពីទ្វារទឹកដើមស្លែងដល់ផ្លូវលូ ៥ សម្រេចបាន ៨០% ហើយបានដាក់ឱ្យដំណើរការតាមកំណត់ឃើញថា តំបន់ភូមិសាស្ត្រចាប់ពីផ្លូវណ័រប្រ៊ីតដល់ផ្លូវលេខ ២៧១ មិនរងការលិចលង់ធ្ងន់ធ្ងរដូចមុនទៀតទេ។ រីឯតំបន់នៅចន្លោះផ្លូវណ័រប្រ៊ីតដល់ព្រលានយន្តហោះ ពោធិ៍ចិនតុង នឹងធូរស្រាលខ្លះចាប់ពីថ្ងៃស្អែក និងធូរស្រាលស្ទើរទាំងស្រុងនៅប៉ុន្មានខែខាងមុខនេះ បន្ទាប់ពីការដ្ឋានលូប្រអប់បញ្ចប់ការសាងសង់១០០ភាគរយនៅបំណាច់ខែសីហាខាងមុខផងដែរ។
សូមបញ្ជាក់ថា៖ ដោយមានការចង្អុលបង្ហាញពី លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសារធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានដឹកនាំក្រុមការងារយកទ្បានចំនួន៤គ្រឿងធ្វើការបូមស្តារអណ្តូងដែលស្ទះដក់ទឹកហូរមិនទាន់ធ្វើឱ្យមានការលិចលង់នៅលើកំណាត់ ផ្លូវលេខ២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕ ដោយ៖សំរិត