អន្តរជាតិ៖ក្រុមពន្លត់អគ្គិភ័យអុីរ៉ង់បានខិតខំ ពន្លត់ភ្លើងឆេះនៅរោងចក្រផលិតនាវា Delvar Kashti Bushehr ស្ថិតនៅទីក្រុង Bushehr ប្រទេសអុីរ៉ង់។ រយៈពេលចុងក្រោយនេះ អុីរ៉ង់ ប្រឈមករណី ផ្ទុះឆេះជាច្រើនដោយមិនដឹងពីមូលហេតុ ហើយភាគច្រើនកើតឡើងនៅក្នុងតំបន់យុទ្ធសាស្ត្ររបស់ប្រទេសនេះ។
នៅពេលនេះគ្រោះអគ្គិភ័យកើតឡើងនៅរោងចក្រផលិតនាវា ស្ថិតនៅទីក្រុងកំពង់ផែBusheh ភាគខាងត្បូង ប្រទេសអុីរ៉ង់កាលពីថ្ងៃទី ១៥ ខែកក្កដា បណ្តាលឲ្យ នាវា៧គ្រឿងរងការខូចខាតយ៉ាងខ្លាំង ។ ភាគច្រើននាវាដែលត្រូវភ្លើងឆេះ ជាប្រភេទ នាវានេសាទ។ ហេតុការអគ្គិភ័យខាងលើ មិនបណ្តាលឲ្យមានអ្នករងរបួសឬស្លាប់នោះឡើយ។
អុីរ៉ង់បានប្រឈមនឹងរឿងរ៉ាវជាច្រើននាពេលកន្លងមកថ្មី ៗដោយទីតាំងយុទ្ធសាស្ត្ររបស់ប្រទេសនេះ មានទាំងទីតាំងយោធា បរមាណូ ឧស្សាហកម្ម … ជួបគ្រោះថ្នាក់ផ្ទុះឆេះជាបន្តបន្ទាប់ ចាប់តាំងពីចុងខែមិថុនាមក ទល់ពេលនេះ។
ការផ្ទុះឆេះទ្រង់ទ្រាយធំបំផុត គឺនៅទីតាំងរោងចក្របរមាណូ Natanz ជាទីកន្លែងចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម។ ការផ្ទុះឆេះនោះ បានបង្កឲ្យខូចខាតយ៉ាងខ្លាំង ហើយរដ្ឋាភិបាលបានកំណត់ដឹងពីមូលហេតុ ប៉ុន្តែមិនបានប្រកាសឲ្យដឹងជាសាធារណៈនោះឡើយ៕ដោយ៖ធី រីណា