ព័ត៌មានទាន់ហេតុការណ៍៖

យូអិនឌីភី ឧបត្ថម្ភកុំព្យូទ័រថេបប្លេតចំនួន១.៧០០ គ្រឿង ដល់ក្រសួងផែនការ សម្រាប់ប្រើប្រាស់ ដើម្បីកំណត់អត្តសញ្ញាណគ្រួសារពលរដ្ឋក្រីក្រនៅកម្ពុជា

ចែករំលែក៖

 

ភ្នំពេញ៖ ថ្លែងក្នុងពិធីប្រគល់ និងទទួលថេបប្លេតរវាងក្រសួងផែនការនិងតំណាង អង្គការUNDP សម្រាប់ប្រើប្រាស់ក្នុងកម្មវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើរសុំ អំឡុងពេលកូវីដ កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ នៅសណ្ឋាគារកាំបូឌីយ៉ាណា លោក ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកផែនការនៃក្រសួងផែនការបានបញ្ជាក់ថា ដោយពិនិត្យមើលឃើញពីការលំបាក និងឆ្លើយតបតាមការស្នើសុំរបស់ក្រសួង នៅពេលនេះ កម្មវិធីអភិវឌ្ឍសហប្រជាជាតិ ហៅកាត់ថា UNDPបានឧបត្ថម្ភកំព្យូរទ័រថេបប្លេតចំនួន១.៧០០គ្រឿងបន្ថែមដល់ក្រសួងផែនការ ដើម្បីផ្តល់ជូនបន្ត មន្ត្រីថ្នាក់ក្រោមជាតិ ពោលគឺ បណ្តា ឃុំ សង្កាត់ទូទាំងប្រទេស ក្នុងការអនុវត្តកម្មវិធី កំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំនាអំឡុងពេលជំងឺកូវីដ១៩នេះ ឱ្យមានប្រសិទ្ធភាពខ្ពស់។

បើតាមតំណាងនិវេសន៍ដ្ឋាន របស់អង្គការ យូអិនឌីភីប្រចាំប្រទេសកម្ពុជា លោក Nick Beresford បានឲ្យដឹងថា រដ្ឋាភិបាលអូស្ត្រាលី និង យូអិនឌីភី បានផ្តល់កុំព្យូទ័រថេបប្លេតទាំងនេះដល់ក្រសួងផែនការ ក្នុងគោលដៅជួយដល់ការពង្រីកវិសាលភាពនៃប្រព័ន្ធគាំពារសង្គម ដើម្បីធានាថា គ្រួសារដែលបានចុះឈ្មោះទទួលបានបណ្ណសមធម៌អាចទទួលបានការឧបត្ថម្ភសាច់ប្រាក់ពីរាជរដ្ឋាភិបាលកម្ពុជា ។

លោកថា ការផ្តល់ជំនួយនេះ វាជាការចូលរួមធ្វើឲ្យកិច្ចការគាំពារសង្គមរបស់អង្គការសហប្រជាជាតិកាន់តែធំទូលាយ និងកសាងភាពជាដៃគូជាមួយអង្គការ GIZ ដើម្បីជួយដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងនូវប្រព័ន្ធកំណត់អត្តសញ្ញាណគ្រួសារក្រីក្រតាមប្រព័ន្ធឌីជីថលពេញលេញមួយ។

សូមជម្រាប់ថា កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋាភិបាលសាធារណៈរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងរដ្ឋាភិបាលអូស្ត្រាលីតាមរយៈអង្គការ GIZ បានផ្តល់នូវកុំព្យូទ័រថេបប្លេតចំនួន ៩៨៧ គ្រឿងជូនក្រសួងផែនការ ដើម្បីធ្វើការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ៕

ដោយ៖ហេង សូរិយា


ចែករំលែក៖