ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិកក្រុមហ៊ុនMetfoneបញ្ឈរម៉ូតូទុកនៅមុខផ្ទះត្រូវចោរលួចយកទៅបាត់ផ្អើលទាំងយប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ម៉ូតូម៉ាកហុងដាសេ១២៥មួយគ្រឿង ពណ៌ទឹកប្រាក់ត្រូវជនសង្ស័យកាច់កជិះយកទៅបាត់ខណៈម្ចាស់បញ្ឈរទុកនៅមុខផ្ទះរួចដើរចូលទៅក្នុងផ្ទះមួយសន្ទុះ លុះចេញមកវិញ មិនឃើញម៉ូតូក៏ស្រែកឆោឡោបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យជួយស្រាវជ្រាវរកទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ស្ថិតក្នុងភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា ម្ចាស់ម៉ូតូរងគ្រោះមានឈ្មោះម៉ៅ ស្រីមុំ ភេទស្រីអាយុ៣៣ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនMetfone មានទីលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។

ចំណែកម៉ូតូដែលជនសង្ស័យលួចយកទៅបាត់នោះម៉ាកហុងដាសេ១២៥ ពណ៌ទឹកប្រាក់ពាក់ស្លាកលេខស្វាយរៀង ១K-៧៤៣៨។

តាមស្ត្រីរងគ្រោះបានឱ្យដឹងថា មុនកើតហេតុគាត់បានត្រឡប់ចេញមកពីធ្វើការដូចសព្វដង ខណៈជិះម៉ូតូមកឈប់និងបានបញ្ឈរទុកនៅមុខផ្ទះរួចក៏ដើរចូលក្នុងផ្ទះ ហើយក្រោយមកចេញមកក្រៅផ្ទះក្រឡេកមើលម៉ូតូមិនឃើញទើបបង្កការភ្ញាក់ផ្អើលតែម្ដង។

បច្ចុប្បន្នសមត្ថកិច្ចមូលដ្ឋានកំពុងធ្វើការស្រាវជ្រាវតាមរកមុខសញ្ញាដើម្បីឃាត់ខ្លួនយកមកផ្ដន្ទាទោស៕ យឹម សុថាន


ចែករំលែក៖