អាមេរិក៖ នាង Mary Trump ដែលជាក្មួយស្រីរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថា ប្រសិនបើនាងបានចូលទៅកាន់សេតវិមាន ជួបជាមួយលោកពូត្រាំនោះ នាងនឹងស្នើឲ្យលោកពូលាលែងចេញពីតំណែងប្រធានាធិបតីអាមេរិក ។
ឆ្លើយតបទៅនឹងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន ABC លោកស្រីMary Trump បានលើកឡើងពីការទៅសួរសុខទុក្ខលោកពូ នៅសេតវិមានកាលពីឆ្នាំ២០១៧ គឺក្រោយប៉ុន្មានខែដែល លោកត្រាំចូលកាន់តំណែងប្រធានាធិបតីអាមេរិក ។
លោកស្រីMary Trump បានលើកឡើងថា លោកពូរបស់នាងពិតជាតានតឹងខ្លាំងណាស់ដោយសារតែគំនាបពីមហាជន។
អ្នកស្រី Mary Trump បានលើកឡើងថា «ខ្ញុំគិតថា គាត់(ពូត្រាំ)ពិតជាហត់នឿយខ្លាំងណាស់ ដោយគាត់បានបង្ហាញចេញថានេះមិនមែនអ្វីដែលគាត់ចង់បានឡើយ»។
អ្នកដឹកនាំកម្មវិធីGeorge Stephanopoulos បានសួរនាងថា ប្រសិនបើចូលទៅកាន់សេតវិមាននាពេលនេះ អ្នកស្រី
នឹងនិយាយអ្វី? នាងMary Trump បានបញ្ជាក់ថា គឺស្នើឲ្យពូរបស់ខ្លួនលាលែងចេញពីតំណែងនៅពេលនេះ។
ការលើកឡើងខាងលើរបស់អ្នកស្រី Mary Trump គឺក្រោយពេលបានចេញផ្សាយសៀវភៅដែលមានចំណងជើងថា «គ្រួសារខ្ញុំបានបង្កើតមនុស្សដែលមានគ្រោះថ្នាក់បំផុតលើពិភពលោកបែបណា?» នៅក្នុងសៀវភៅនោះ អ្នកស្រី Mary Trump បានរិះគន់យ៉ាងខ្លាំងដល់លោកពូរបស់នាង និងរឿងរ៉ាវជាច្រើនពាក់ព័ន្ធនឹងគ្រួសារ ក្នុងនោះមានទាំងការបន្លំពេលប្រឡង ដោយឲ្យមនុស្សផ្សេងប្រឡងជំនួសទៀតផង៕ដោយ៖ធី រីណា