ព័ត៌មានទាន់ហេតុការណ៍៖

តៃវ៉ាន់៖ ការធ្វើ​សមយុទ្ធ​យោធា​ ដើម្បី​ពង្រឹងសមត្ថភាព​ទប់ទល់​ការឈ្លានពាន​ពី​សំណាក់​បរទេស

ចែករំលែក៖

អន្តរជាតិ៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen  បានលើកឡើងថា នៅថ្ងៃទី១៦ ខែកក្កដានេះថា ប្រទេសខ្លួនបានធ្វើសមយុទ្ធយោធាប្រចាំឆ្នាំដើម្បីពង្រឹងសមត្ថភាពទប់ទល់ការឈ្លានពានពីសំណាក់បរទេស និងវាយតម្លៃពីការអភិវឌ្ឍនៃសមត្ថភាពយោធារបស់ខ្លួនខណៈតៃវ៉ាន់ កំពុងតែមានទំនាក់ទំនងមិនល្អជាមួយចិន

បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters​ បានចេញផ្សាយដោយដកស្រង់សម្តីលោកស្រី Tsai Ing-wen បានបញ្ជាក់ថា «Han Kuang» គឺជាឈ្មោះសមយុទ្ធយោធាប្រចាំឆ្នាំរបស់តៃវ៉ាន់ ដែលមានវត្តមានយន្តហោះចម្បាំងប្រភេទ F-16 យន្តហោះចម្បាំងផលិតក្នុងស្រុក Ching-kuo រថពាសដែក និងទាហានប្រមាណ ពាន់នាក់ ដោយសមយុទ្ធយោធានេះ ធ្វើឡើងនៅតាមតំបន់ឆ្នេរសមុទ្រ ក្បែរទីក្រុង Taichung ដែលស្ថិតនៅភាគកណ្តាលរបស់តៃវ៉ាន់

លោកស្រីប្រធានាធិបតី Tsai Ing-wen បានបញ្ជាក់ទៅកាន់កងទ័ពរបស់ខ្លួន ដោយបន្ថែមថា វាក៏បង្ហាញពីការប្តេជ្ញារបស់តៃវ៉ាន់ក្នុងការការពារទឹកដីរបស់ខ្លួនដែរ ដោយសមយុទ្ធយោធានេះ ធ្វើឡើងដើម្បីវាយតម្លៃពីការអភិវឌ្ឍនៃសកម្មភាពប្រយុទ្ធរបស់តៃវ៉ាន់

សមយុទ្ធយោធាប្រចាំឆ្នាំមួយនេះ ធ្វើឡើងស្របពេលដែលចិន បានបង្កើនសកម្មភាពយោធារបស់ខ្លួនយ៉ាងខ្លាំង នៅជុំវិញកោះតៃវ៉ាន់កន្លងមកក្រសួងការពារជាតិតៃវ៉ាន់ បានបញ្ជាក់ថា យន្តហោះចម្បាំងរបស់ទីក្រុងប៉េកាំង បានហោះចូលមកក្នុងដែនអាកាសរបស់ខ្លួន ដែលជាហេតុធ្វើឲ្យតៃវ៉ាន់ បញ្ជាយន្តហោះចម្បាំងរបស់ខ្លួនឲ្យណ្តេផងដែរ

មិនតែប៉ុណ្ណោះលោកស្រី Tsai ក៏បានសន្យាថា លោកស្រីនឹងឈរតទល់ជាមួយចិន តាមរយៈការធ្វើទំនើបកម្មយោធា បើតាមលោកស្រីប្រធានាធិបតី សន្តិសុខជាតិតៃវ៉ាន់ មិនមែនបានមកដោយសារការឱនលំទោននោះទេ ប៉ុន្តែវាកើតចេញកម្លាំងការពារជាតិដ៏រឹងមាំ និងមានយោធាជាស្នូល

គួរបញ្ជាក់ថា ក្រោមក្រសែភ្នែករបស់ចិន តៃវ៉ាន់ គឺជាផ្នែកមួយរបស់ខ្លួនដោយផ្អែកទៅតាម «​គោលនយោបាយចិនតែមួយ​» ប៉ុន្តែតៃវ៉ាន់ មិនគិតដូច្នេះឡើយ ក្រោមការដឹកនាំរបស់លោកស្រី Tsai តៃវ៉ាន់តែងតែបង្ហាញពីសញ្ញាចង់ប្រកាសឯករាជ្យ ដោយសារបញ្ហានេះ ចិនបានព្រមានម្តងហើយម្តងទៀតថា លទ្ធភាពចុងក្រោយ គឺការប្រើប្រាស់កម្លាំងយោធា ដើម្បីវាយសង្គ្រប់យកកោះតៃវ៉ាន់ ប្រសិនបើហ៊ានប្រកាសឯករាជ្យ

ដោយ៖ស តារា


ចែករំលែក៖