ព័ត៌មានទាន់ហេតុការណ៍៖

រសៀលថ្ងៃទី១៦កក្កដានេះ! ជនបង្ហោះសារលក់ដីខ្យល់២.០០០ហិកតា ចៅក្រមសម្រេចឃុំខ្លួន ៣នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ទីបំផុតជនសង្ស័យប្រុសស្រីចំនួន ៥នាក់ ពាក់ព័ន្ធករណីបង្ហោះសារតាមបណ្ដាញសង្គម(ហ្វេសប៊ុក)លក់ដីខ្យល់ចំនួន ២.០០០ហិកតា ត្រូវបានលោក ព្រះអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ចោទចំនួន ៣នាក់ ពីបទ ឆបោក.ក្លែងឯកសារសាធារណៈ និងលួចលក់ដីរដ្ឋ ហើយលោកចៅក្រមស៉ើបសួរសម្រេចចេញ(ដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន) នារសៀលថ្ងៃព្រហស្បត្តិ៍ ១១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នេះផងដែរ ។

 ជនសង្ស័យចំនួន៣នាក់ត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន ក្នុងចំណោមបក្ខពួកចំនួន ៥នាក់មាន៖

ទី១-ឈ្មោះ អ៊ុំ សារី ហៅរី ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀន ទីកន្លែងកំណើត ភូមិបឹងវែង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ទី២-ឈ្មោះ ឈិត វីរៈ ហៅរៈ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីកន្លែងកំណើត ភូមិបឹងវែង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ទី៣-ឈ្មោះ ទីច សុខជា ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីកន្លែងកំណើត ភូមិបឹងវែង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

នេះបើយោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន លេខ៤៥៦ ឃខ/២០ ៤៥៨ ឃខ/២០ និង៤៦០ ឃខ/២០ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ចេញដោយចៅក្រមស៉ើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ ។

 គួររំលឹកថា ជនសង្ស័យចំនួន ៥នាក់ដែលមានឈ្មោះទី១- អុឹម ចាន់ថន ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់ភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង, ទី២- អ៊ុំ សារី ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ, ទី៣- ឈិត វីរៈ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ, ទី៤- សួន ស្រីពៅ ភេទស្រី អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ និងទី៥- ទីវ សុជា ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន អ្នកទាំង៤នាក់ មានទីលំភូមិបឹងវែង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចហាងមួយកន្លែង ស្ថិតនៅភូមិទួលត្បែង ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ តាមបណ្ដឹងរបស់ឈ្មោះ វ៉ាន់ លឹមសេង ហៅហ័រ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន ជាតំណាងក្រុមហ៊ុន(ភាពីមុិច) ។ បន្ទាប់ពួកគាត់បង្ហោះសារលក់ដីទំហំ២.០០០ហិកតា ក្នុងតំលៃ២១.០០០$(ពីមុឺនមួយពាន់ដុល្លារ)ក្នុង១ហិកតា បានឆ្លងឆ្លើយគ្នាទៅវិញទៅមកជាមួយលោក វ៉ាន់ លឹមសេង ហៅហ័រ តាមរយៈបណ្ដាញសង្គម(ហ្វេសប៊ុក)រហូតបានជួបគ្នា និងនាំទៅស្គាល់ទីតាំងដីដែលពួកគាត់បង្ហោះលក់ ដំណាងក្រុមហ៊ុន(ភាពីមិច)លោក វ៉ាន់ លឹមសេង ហៅហ័រ បន្តថា ដីដែលពួកគាត់បង្ហោះលក់នេះជាដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន(ភាពីមិច) និងបានផ្ទេរមកសង្គមកិច្ចគ្រោងនឹងចែកជូនប្រជាពលរដ្ឋទីទាល់ក្រ ជាពិសេសប្រជាពលរដ្ឋឃុំកំពង់លួង ស្រុកក្រគរ(ផ្ទះផែបណ្ដែតលើផ្ទៃទឹក)តែម្ដង ដោយឃើញទង្វើរខុសប្រក្រតីបែបនេះលោកបានរាយការណ៍ជូនលោកអភិបាលខេត្តពោធិ៍សាត់ ដើម្បីបន្តការងារជាមួយគាត់ទាំងនេះ ដោយបានប្រើល្បិចខ្ញុំ( វ៉ាន់ លឹមសេង ហៅហ័រ)ដើរតួជាអ្នករកទិញដី ដែលមានលោកអភិបាលរងខេត្តពោធិ៍សាត់ដើរតួជាឧកញ៉ា(ថៅកែទិញដី) ទើបឈានដល់ហូបបាយជុំគ្នាដើម្បីចចារតំលៃ និងឯកសារពាក់ព័ន្ធ រួចក៏ក្រសោបយកទាំងអស់មកបន្តនីតិវិធីតែម្ដង នេះជាមុខរបរលក់ដីខ្យល់៕ ដោយ៖ បុឹម ពិន


ចែករំលែក៖