ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២០ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយអ្នកបច្ចេកទេសរបស់ក្រសួង មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង និងលោកស្រីអភិបាលស្រុកពាមរក៍ ចុះអនុវត្តការងារជីកស្រះ ស្ថិតក្នុងភូមិពន្លៃ ឃុំបាបោង ស្រុកពាមរក៍ ខេត្តព្រៃវែង អនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២០ ក្នុងឱកាសដែល សម្តេច តេជោនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមជួបសំណេះសំណាលផ្ទាល់ជាមួយបងប្អូនប្រជាកសិករ នៅមជ្ឈមណ្ឌល ស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្ម ស្ថិតក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង បានឲ្យក្រសួងធនធានទឹក និងឧតុនិយម ធ្វើការ ជីកស្រះ និងចុះសិក្សាទាញយកទឹកទន្លេជំនួសឲ្យការប្រើប្រាស់ទឹកក្រោមដី មកបម្រើឲ្យការចិញ្ចឹមត្រី របស់ប្រជា កសិករ ។
អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់នេះ ក្រោមការដឹកនាំ និងបញ្ជាដោយផ្ទាល់ពីលោករដ្ឋមន្ត្រី បានចាត់អ្នក បច្ចេកទេសរបស់ក្រសួង រួមជាមួយនឹងមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ចុះធ្វើការសិក្សា និងឈានទៅ អនុវត្តនាពេលនេះ ។ ក្នុងការចុះដឹកនាំបញ្ជាផ្ទាល់នៅលើទីតាំងជីកស្រះនេះ លោករដ្ឋមន្រ្តី បានទិញដីពីប្រជាកសិករចំនួន ១,៨ ហិកតា សម្រាប់ធ្វើការជីកស្រះថ្មី, ជួយស្តារស្រះចាស់របស់កសិករទំហំ ១,៦ ហិកតា និងធ្វើការស្តារប្រឡាយដើម្បីបង្ហូរទឹកចូលស្រះប្រវែង ៦០០ ម៉ែត្របន្ថែមទៀត ។ ដោយមានសំណូមពរពីលោកស្រីអភិបាលស្រុក ក៏ដូចជាប្រជាកសិករ លោករដ្ឋមន្រ្តី បានសន្យាជាមួយពួកគាត់ នឹងជួយស្តារដៃទន្លេតូចប្រវែង ៥ Km ដោយមានទ្វារទឹកបិតបើក និងសាងសង់ស្ពានតូចៗឆ្លងកាត់ព្រែកមួយចំនួនទៀត នៅពេលរដូវទឹកសម្រកខាងមុននេះ ។ ទំហំការងារដែលបាន និងកំពុងអនុវត្ត រួមមាន ៖
– ជីកស្រះថ្មី ទំហំ ១,៨ ហិកតា មានជម្រៅ ៣,៥ ម៉ែត្រ ចំនួន ០១ កន្លែង (សម្រាប់តម្កល់ទឹកទុកបែងចែកទៅបណ្ដាស្រះផ្សេងៗ)
– ស្តារស្រះចាស់ ទំហំ ១,៦ ហិកតា មានជម្រៅ ២,០ ម៉ែត្រ ចំនួន ០១ កន្លែង
– ស្តារប្រឡាយប្រវែង ៦០០ ម៉ែត្រ (សម្រាប់បង្ហូរទឹកចូលស្រះ និងការងារបង្កបង្កើនផល)
សូមបញ្ជាក់ថា ក្រោយពីការងារជីកស្រះថ្មី ស្តារស្រះចាស់ និងស្តារប្រឡាយរួចរាល់ ប្រជាកសិករចំនួន ២៧ គ្រួសារ រស់នៅក្នុងភូមិពន្លៃ ឃុំបាបោង ស្រុកពាមរក៍ ខេត្តព្រៃវែង ដែលមានស្រះចំនួន ៤៣ កន្លែង នៅក្បែរៗនេះ អាចបង្ហូរ និងបូមទឹកយកទៅប្រើប្រាស់ សម្រាប់ការងារបង្កបង្កើន និងការចិញ្ចឹមត្រី បានទាំងរដូវប្រាំង និងរដូវវស្សា ។ ចំពោះសមិទ្ធផលស្រះថ្មីនេះ បងប្អូនប្រជាកសិករ សូមប្រសិទ្ធនាមថា ស្រះសម្ដេចតេជោ ហ៊ុន សែន ៕
ដោយ៖សុខ ខេមរា