ព័ត៌មានទាន់ហេតុការណ៍៖

នៅ​ថ្ងៃទី​១៧-១៨ ខែសីហាខាងមុខនេះ៖ ក្រសួង​អប់រំ អនុញ្ញាត​ឲ្យ​គ្រឹះស្ថានសិក្សា​ឯកជន រៀបចំ​វិញ្ញាសា​សម្រាប់​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​)

ចែករំលែក៖

ភ្នំពេញ នៅថ្ងៃទី១៧១៨ ខែសីហា ឆ្នាំ២០២០ខាងមុខនេះ ក្រសួងអប់រំយុវជន និង កីឡា បានប្រកាសអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាឯកជនរៀបចំវិញ្ញាសាសម្រាប់ប្រឡងមធ្យមសិក្សាទុតិយភូមិ (​បាក់ឌុប​) ទៅតាមគ្រឹះស្ថានសិក្សារៀងៗខ្លួន ប៉ុន្តែគ្រឹះស្ថានសិក្សាឯកជន ត្រូវតែរៀបចំវិញ្ញាសាទៅតាមស្តង់ដាដែលក្រសួងបានដាក់ចេញកន្លងមក ដោយមុននឹងរៀបចំការប្រឡង ក្រសួងតម្រូវឲ្យគ្រឹះស្ថានសិក្សាញ្ចូនបញ្ជីឈ្មោះទៅឲ្យក្រសួងឲ្យបានមុនខែសីហា

សូមជម្រាបថា សម្រាប់មុខវិជ្ជាប្រឡងបាក់ឌុប ក្រសួងកំណត់ដូចនឹងមុខវិជ្ជាដែលក្រសួងធ្លាប់ចេញកន្លងមក រីឯមុខវិជ្ជាប្រឡងបាក់ឌុបសម្រាប់ថ្នាក់វិទ្យាសាស្ត្រ មានដូចជា៖ ប្រវត្តិវិទ្យា ជីវវិទ្យា គីមីវិទ្យា ភាសាបរទេសអក្សរសាស្ត្រខ្មែរ រូបវិទ្យា និងគណិតវិទ្យា ចំណែកថ្នាក់វិទ្យាសាស្ត្រសង្គមមានដូចជា៖ ផែនដី និងបរិស្ថានវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា ភាសាបរទេសគណិតវិទ្យា សីលធម៌​-​ពលរដ្ឋវិជ្ជា និងអក្សរសាស្ត្រខ្មែរ

ដើម្បីឲ្យដំណើរការប្រឡងបាក់ឌុបប្រកបដោយគុណភាព ក្រសួងអប់រំនឹងកំណត់ឲ្យបេក្ខជនប្រឡងតែ១០ ទៅ១៥នាក់ ក្នុងមួយបន្ទប់គ្រឹះស្ថានសិក្សាឯកជន ក៏ត្រូវរៀបចំបន្ទប់ប្រឡងដាច់ដោយឡែករវាងថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម ជាមួយគ្នាដែរ សាលាក៏ត្រូវចាត់ចែងឲ្យមានគណៈមេប្រយោគ និងគណៈកម្មការផ្សេងៗសម្រាប់តាមដាននិងត្រួតពិនិត្យនូវដំណើរការប្រឡង

គួរបញ្ជាក់ថា នៅពេលបញ្ចប់ដំណើរការប្រឡងរួច គ្រឹះស្ថានសិក្សាឯកជនត្រូវរៀបចំវិញ្ញាសាដាក់ក្នុងស្រោមបិទសោសម្ងាត់ ដើម្បីបញ្ជូនមកឲ្យក្រសួងត្រួតពិនិត្យ ក្រោយពីក្រសួងពិនិត្យរួចរាល់ហើយ ក្រសួងអប់រំក៏អនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាឯកជនរៀបចំឲ្យមានប្រធានអនុប្រធានមណ្ឌលកំណែគណៈកម្មការកណ្តាល គណៈកម្មការបែងចែកសន្លឹកកិច្ចការ គណៈកម្មការស្រង់ បូកពិន្ទុ ផ្ទៀងផ្ទាត់ពិន្ទុ និងគូសជាប់និងធ្លាក់ ក្រសួងនឹងចុះត្រួតពិនិត្យរាល់ដំណើរការប្រឡងបាក់ឌុប   

ដោយឡែកលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ ទាក់ទងនឹងកាលបរិច្ឆេទសម្រាប់ធ្វើកំណែវិញ្ញាសាប្រឡងបាក់ឌុប និងកាលបរិច្ឆេទប្រកាសលទ្ធផលប្រឡងបាក់ឌុប លោកមិនទានអាចបញ្ជាក់បាននៅឡើយទេ  ម្យ៉ាងវិញទៀត លោកក៏មិនទាន់អាចបញ្ជាក់ពីចំនួនសាលាឯកជនដែលបានផ្តល់ព័ត៌មានទៅឲ្យក្រសួង និងមានឈ្មោះបេក្ខជនប្រឡងប៉ុន្មាននាក់នៅឡើយទេ តែយ៉ាងណាលោកនឹងបញ្ជាក់នៅពេលណាមានសេចក្តីជូនដំណឹង   

ក្រសួងអប់រំបានអះអាងថា ក្នុងករណីគ្រឹះស្ថានសិក្សាឯកជនណាដែលមិនមានលទ្ធភាពរៀបចំកាប្រឡងបាក់ឌុបទេ ក្រសួងនឹងអនុគ្រោះឲ្យប្រឡងជាមួយគ្រឹះស្ថានសិក្សារដ្ឋនៅតាមក្រោយផងដែរ ដោយក្រសួង មិនទាន់កំណត់ទេថា សិស្សសាលារដ្ឋ នឹងត្រូវប្រឡងបាក់នៅពេលណា ដោយ៖សហការី


ចែករំលែក៖