ព័ត៌មានទាន់ហេតុការណ៍៖

ធនាគារពិភពលោកអនុម័តឥណទាន១០០លានដុល្លារ សម្រាប់កម្ពុជាកែលម្អផ្លូវគមនាគមន៍

ចែករំលែក៖

ភ្នំពេញ៖ បើតាមក្រសួងព័ត៌មាន បានឱ្យដឹងថា៖ ក្រុមប្រឹក្សានាយកប្រតិបត្តិនៃធនាគារពិភពលោក នៅថ្ងៃនេះ បានអនុម័តផ្តល់ឥណទាន ១០០លានដុល្លារអាមេរិក ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ(IDA) សម្រាប់ជួយគាំទ្រគម្រោងកែលម្អបណ្តាញផ្លូវគមនាគមន៍នៅប្រទេសកម្ពុជា។
សូមបញ្ជាក់ថា៖ គម្រោងនេះ នឹងពង្រីកលទ្ធភាពសម្រាប់សហគមន៍ជនបទឱ្យទទួលបានសេវាចាំបាច់នានា ដូចជាមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក សាលារៀន និងទីផ្សារ តាមរយៈការកែលម្អផ្លូវជនបទឱ្យកាន់តែមានភាពធន់ទៅនឹងកត្តាប្រែប្រួលរបស់អាកាសធាតុ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោកស្រី អ៊ីនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជានៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ។
លោកស្រីបន្តថា ៖ តំបន់គោលដៅរបស់គម្រោងនេះ មានផ្លូវនៅក្នុងខេត្តកំពង់ចាម ត្បូងឃ្មុំ និងក្រចេះ ដែលគ្របដណ្តប់លើប្រជាជនជាង២លាននាក់ ក្នុងនោះ៨០ភាគរយ រស់នៅតាមទីជនបទដាច់ស្រយាល។
លោកស្រី មានប្រសាសន៍ថា ការកែលម្អនឹងត្រូវធ្វើទៅលើផ្នែកជាច្រើននៃតាមផ្លូវជាតិ និងផ្លូវខេត្ត ដែលជាលទ្ធផលជួយកាត់បន្ថយថ្លៃចំណាយលើការដឹកជញ្ជូន និងហានិភ័យគ្រោះថ្នាក់ដោយសារតែផ្លូវខូច និងជួយសម្រួលដល់ខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងវិស័យកសិកម្ម និងការអភិវឌ្ឍវិស័យទេសចរណ៍ផងដែរ។ លោកស្រី លើកឡើងថា «កង្វះលទ្ធភាពសម្រាប់ទទួលបានសេវាមន្ទីរពេទ្យ សាលារៀន និងសម្រាប់ដឹកទំនិញទៅកាន់ទីផ្សារ ជាពិសេសក្នុងរដូវវស្សា នៅតែចោទជាបញ្ហាប្រឈមធំមួយសម្រាប់ប្រជាជនកម្ពុជានៅតាមតំបន់ជនបទ។ គម្រោងថ្មីនេះគឺជាការបន្តការប្តេជ្ញាចិត្តរបស់យើងក្នុងការជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវរបស់កម្ពុជា។ វានឹងតភ្ជាប់កាន់តែប្រសើរជាងមុនដោយបានភ្ជាប់ប្រជាជនទៅនឹងការទទួលបានសេវា កាត់បន្ថយការដាច់ផ្លូវ និងបង្កើតការងារសម្រាប់សហគមន៍មូលដ្ឋានក្នុងពេលសាងសង់ផ្លូវ ដែលរួមចំណែកធ្វើឱ្យសេដ្ឋកិច្ចងើបឡើងវិញទៀតផង»។
លោកស្រី កត់សម្គាល់ថា ការចំណាយលើការដឹកជញ្ជូននៅប្រទេសកម្ពុជានៅតែមានកម្រិតខ្ពស់នៅឡើយ ទោះបីជាមានភាពប្រសើរច្រើនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះក្តី។ ផ្លូវជនបទមានជាង៧៥ភាគរយ នៃបណ្តាញផ្លូវសរុបទូទាំងប្រទេស ប៉ុន្តែមានតែ៥ភាគរយប៉ុណ្ណោះដែលជាផ្លូវក្រាលកៅស៊ូ ខណៈការប្រែប្រួលអាកាសធាតុ បានធ្វើឱ្យមានភ្លៀង និងទឹកជំនន់ធំៗ បង្កហានិភ័យខូចខាតកាន់តែខ្លាំងដល់ប្រព័ន្ធផ្លូវនៅជនបទ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក បានឱ្យដឹងថា គម្រោងនេះ ក៏នឹងជួយក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំយុទ្ធសាស្ត្រហិរញ្ញប្បទានផ្លូវធន់នឹងអាកាសធាតុ និងជួយដល់ក្រសួងទាំងពីរមានលទ្ធផលការងារសម្រាប់ការថែទាំផ្លូវ និងធ្វើឱ្យហេដ្ឋារចនាសម្ព័នកាន់តែមានចីរភាពល្អប្រសើរ៕

ប្រភព៖ ក្រសួងព័ត៌មាន


ចែករំលែក៖