បរទេស៖ មន្ត្រីនៅក្នុងរដ្ឋ Zamfara នៃប្រទេសនីហ្សេរីយ៉ាបានសម្រេចរៀបចំកម្មវិធីប្តូរអាវុធយកសត្វគោ ដើម្បីកាត់បន្ថយអំពើហិង្សាប្រដាប់អាវុធនៅក្នុងរដ្ឋនេះ។ តាមរយៈកម្មវិធីខាងលើ កាំភ្លើងមួយដើមអាចប្តូរយកសត្វគោបាន២ក្បាល យកទៅចិញ្ចឹម។ មន្ត្រីរដ្ឋខាងលើបានបង្ហាញក្តីសង្ឃឹមថា គោលនយោបាយខាងលើនឹងកាត់បន្ថយអំពើហិង្សា។
សហគមន៍រស់នៅដាច់ស្រយាលក្នុងរដ្ឋ Zamfara ភាគខាងជើងប្រទេសនីហ្សេរីយ៉ាតែងតែប្រឈមមុខដោយអំពើហិង្សាប្រដាប់អាវុធដាក់គ្នា។ ក្រុមប្រដាប់អាវុធបានប្លន់យកសត្វចិញ្ចឹម ឬបង្កបទល្មើសផ្សេងៗ។
កម្លាំងទាហានរដ្ឋាភិបាល នីហ្សេរីយ៉ាមិនអាចបញ្ចប់អំពើហិង្សានោះឡើយ ហើយមន្ត្រីក្នុងតំបន់បានពិភាក្សាជាច្រើនលើកជាមួយ បណ្តាសហគមន៍ដើម្បីបញ្ចប់អំពើហិង្សាឈានដល់សន្តិភាព។
លោកBello Matawalle អភិបាលរដ្ឋ Zamfara កាលពីថ្ងៃទី១៧ខែកក្កដា បានលើកឡើងថាប្រសិនបើពលរដ្ឋរស់នៅក្នុងសហគមន៍ យកកាំភ្លើងទៅផ្តល់ឲ្យសមត្ថកិច្ចនោះ និឹងទទួលបានគោពីរក្បាលវិញ។
អំពើហិង្សានៅតំបន់ភាគខាងជើងនៃប្រទេសនីហ្សេរីយ៉ា បានសម្លាប់មនុស្សដល់ទៅ៨ពាន់នាក់ និងជាង២សែននាក់ ត្រូវភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាពចាប់តាំងពីឆ្នាំ២០១១មកទល់ពេលនេះ៕ដោយ៖ធី រីណា