ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់យកកាំបិតអារមុខនិងអារដៃ ក្មេងស្រីអាយុ៥ឆ្នាំរងរបួសធ្ងន់ធ្ងរដេរជាង១០០ថ្នេរ ត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាការហើយ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានបញ្ជូនស្ត្រីម្នាក់ដែលកំពុងត្រូវបានមហាជនផ្ទុះកំហឹងយ៉ាងខ្លាំងក្លានិងចាត់ទុកថាជាអំពើដ៏ឃោរឃៅបំផុតមួយ ដែលហ៊ានយកកាំបិតអារមុខនិងអារដៃ ក្មេងស្រីអាយុ៥ឆ្នាំឱ្យរងរបួសធ្ងន់ធ្ងរ ដេរជាង១០០ថ្នេរ ទៅតុលាការហើយដើម្បីចាត់ការតាមច្បាប់ ។ 

សូមបញ្ជាក់ថា ស្ត្រីជាជនដៃដល់ឈ្មោះ លីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ បានឆ្លើយសារភាពថា នៅរសៀលថ្ងៃកើតហេតុ ពោលគឺ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ខ្លួនបានទៅទិញកូនកាំបិតនៅក្នុងផ្សារ រួចក៏ចាប់ក្មេងស្រីរងគ្រោះអារមុខ ច្រមុះ និង ដៃ គឺ ជាការតបស្នងដែលក្មេងស្រីនេះបានយកដុំថ្មគប់ទៅលើកូនប្រុសរបស់ខ្លួន។ 

ស្ត្រីរូបនេះសារភាពទៀតថា ខ្លួនខឹងខ្លាំងណាស់ដេកមិនលក់២យប់មកហើយ ដោយសារតែក្មេងស្រីរងគ្រោះធ្វើឱ្យកូនរបស់ខ្លួនចេញឈាម ហើយត្រូវដឹងថា កូនខ្លួនធំឡើងនឹងក្លាយជាតារាផងដែរ ។ ដូច្នេះ ខ្លួនសុំត្រឹមតែឱ្យក្មេងស្រីរងគ្រោះរូបនេះចេញឈាមវិញដូចជាកូនខ្លួនដែរ ។ 

ក្មេងស្រីរងគ្រោះឈ្មោះ លាស់ ម៉ាវីលីយ៉ា អាយុ៥ឆ្នាំ រងរបួសផ្ទៃមុខ ច្រមុះ ក និង ដៃ ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ ៕ដោយ៖ចេស្តា


ចែករំលែក៖