អន្តរជាតិ៖ អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន លោក Harry Roque បានបញ្ជាក់នៅថ្ងៃទី ១៧ ខែកក្កដាម្សិលមិញនេះ ចាប់ពីថ្ងៃទី១ខែសីហាខាងមុខនេះ ក្រុមការងារទទួលបន្ទុកកិច្ចការ COVID-19 របស់ហ្វីលីពីនបានសម្រេចអនុញ្ញាតឲ្យជនបរទេសដែលកាន់ទិដ្ឋាការរយៈពេលវែងចូលប្រទេសខ្លួនវិញ។
លោក Harry Roque បាននិយាយថា សម្រាប់អ្នកកាន់ទិដ្ឋាការរយៈពេលវែង សំដៅលើជនបរទេសទាំងឡាយណាដែលរស់នៅ និងធ្វើការក្នុងប្រទេសហ្វីលីពីន ។ ទោះជាអនុញ្ញាតឲ្យចូលប្រទេសក៏ដោយក្តី ជនបរទេសទាំងនេះនឹងតម្រូវឲ្យធ្វើចត្តាឡីស័កនៅពេលមកដល់ទឹកដីហ្វីលីពីន។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters ។
ទោះជាយ៉ាងណា ការស្នើសុំទិដ្ឋាការថ្មីសម្រាប់ជនបរទេស នឹងពុំត្រូវទទួលយកឡើយ។ បើតាមមន្ត្រីដដែល ប្រជាជនហ្វីលីពីនដែលមានបំណងត្រលប់ចូលប្រទេសកំណើតវិញ នឹងមានអាទិភាពជិះជើងហោះហើរដែលរៀបចំឡើងដោយរដ្ឋាភិបាល។
គួរបញ្ជាក់ថា កន្លងមកការិយាល័យអន្តោប្រវេសន៍ហ្វីលីពីន បានដាក់ចេញបម្រាមលើជនបរទេសចូលទៅក្នុងប្រទេសខ្លួន ក្នុងខែមីនា ដើម្បីទប់ស្កាត់ការរាលដាល COVID-19 ។ រហូតមកទល់ពេលនេះ ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានប្រជាជនសរុបជាង១០០លាននាក់នេះ បានរាយការណ៍ករណីឆ្លងសរុប ៦១ ២៦៦នាក់ និងករណីស្លាប់ ១៦៤៣នាក់។
សូមជម្រាបថា កាលពីដើមសប្តាហ៍នេះ រដ្ឋាភិបាលហ្វីលីពីន បានប្រកាសថាផ្នែកខ្លះនៃទីក្រុង ម៉ានីល នឹងត្រូវបិទឡើងវិញ ខណៈតួលេខឆ្លងCOVID-19 ថ្មី ក្នុងប្រទេសហក់ឡើងខ្ពស់។ ក្រោមបញ្ជានេះ ប្រជាជនហ្វីលីពីន នឹងត្រូវអនុញ្ញាតឲ្យធ្វើការដូចធម្មតា តែសកម្មភាពក្រៅផ្ទះនានា នឹងត្រូវហាមប្រាម។ចំណែកអាជីវកម្មនិងហាងទំនិញ អាចបន្តបើកទ្វារ តែភោជនីយដ្ឋាន នឹងទទួលតែការវេចខ្ចប់ពីហាងប៉ុណ្ណោះ៕ដោយ៖ស តារា