អន្តរជាតិ៖ សម្រាប់ករណីឆ្លង COVID-19 ក្នុងពេលបីថ្ងៃជាប់ៗគ្នា នៅសហរដ្ឋអាមេរិក ត្រូវបានគេកត់សម្គាល់ឃើញថា មានការកើនឡើងខ្ពស់បំផុតដែលមិនធ្លាប់មាន ។ ដោយគិតក្នុងរយៈពេលមួយថ្ងៃៗប៉ុណ្ណោះអាមេរិកបានរកឃើញករណីឆ្លងថ្មីៗនៃជំងឺ ចំនួន ៧៧,៦៣៨ករណីនិងអ្នកស្លាប់ ៩២៧នាក់បន្ថែម ដែលជាការបំបែកកំណត់ត្រាថ្មីមួយទៀត សម្រាប់ករណីឆ្លង ។
យោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសៅរ៍ ទី១៨ខែកក្កដា ឆ្នាំ២០២០នេះថា ក្រុមអ្នកជំនាញបានសន្មត់ថាសហរដ្ឋអាមេរិកនៅមិនទាន់បានឆ្លងផុតដំណាក់កាលទី ១ នៃការឆ្លងរីករាលដាលជំងឺCOVID-19 នៅឡើយទេ ដ្បិតថាករណីឆ្លងថ្មីៗនាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ មានការកើនឡើងជាខ្លាំង ជាពិសេសនៅតាមបណ្តារដ្ឋភាគខាងត្បូង និងខាងលិច ក្រោយការដកចេញវិញ នូវវិធានការរឹតត្បិតដែលខ្លួនបានដាក់ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺ COVID-19 លឿនពេក។
គួរបញ្ជាក់ថា សម្រាប់ទីក្រុងឡូសអែនជេឡែស (Los Angeles) នៃរដ្ឋកាលីហ្វ័រញ៉ា បានរាយការណ៍ពីករណីឆ្លងថ្មីចំនួន ៤,៥៩២ករណីកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងនៅឡូសអែនជែឡែស) ដែលជាការបំបែកកំណត់ត្រាថ្មីមួយផងដែរ សម្រាប់ទីក្រុងនេះ។ ចំណែកឯនៅរដ្ឋតិចសាស(Texas ) និងរដ្ឋអារីហ្សូណា (Arizona)ឯណោះវិញ ដែលត្រូវបានគេចាត់ទុកថា បាននិងកំពុងរងគ្រោះធ្ងន់ធ្ងរជាងគេបំផុតនោះ អាជ្ញាធរនៃរដ្ឋទាំងនេះកំពុងមមាញឹកជាខ្លាំង ក្នុងការរៀបចំរថយន្តដឹកទូរបង្កក ដើម្បីចាត់ចែងសាកសព្វអ្នកជំងឺ COVID-19។
បច្ចុប្បន្នសហរដ្ឋអាមេរិកមានករណីឆ្លង COVID-19 សរុបជាង ៣.៧លានករណី ក្នុងនោះស្លាប់ជាង ១៤ម៉ឺននាក់ និងជាសះស្បើយជាង១.៧លាននាក់៕ដោយ៖ស តារា