ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់មើលមិនឃើញ..! ក្រឡាបញ្ជីខេត្តកំពង់ធំម្នាក់ បើករថយន្តដាច់កាឡេក្រឡាប់ធ្លាក់ចូលប្រឡាយទឹកស្លាប់

ចែករំលែក៖

ខេត្តកំពង់ធំ៖ ក្រឡាបញ្ជីខេត្តកំពង់ធំលោក រឹម សុខឡង បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មនៅក្នុងប្រឡាយទឹក ខណៈបើករថយន្តម៉ាកកាមរីស្វិត តាមដងផ្លូវក្រាលគ្រួសក្រហម បានដាច់កាឡេក្រឡាប់ធ្លាក់ចូលប្រឡាយទឹក សង្គ្រោះមិនទាន់ពេលវេលា ។

សមត្ថកិច្ចបានឱ្យដឹងថា ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង១៩និង២០នាទីយប់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ នៅលើផ្លូវគ្រួសក្រហម ចំណុចប្រឡាយទឹក ភូមិវាំងខាងជើង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។
សមត្ថកិច្ចបានបន្តថា៖ ជនរងគ្រោះជិះរថយន្តម៉ាកកាមរីស្វិត កែច្នៃស្លាកលេខ ច-៣៦៣៩ ភ.ព២ បើកបរដោយឈ្មោះ រឹម សុខឡង ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិពោធិ៍បាក់ក សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន មុខរបរក្រឡាបញ្ជីខេត្តកំពង់ធំ បានបើកបរពីទិសខាងកើត ឆ្ពោះទៅទិសលិច បានភ្លូកធ្លាក់ក្រោមផ្លូវបណ្ដាលឱ្យស្លាប់នៅកន្លែងកើតហេតុ មូលហេតុបើកបររថយន្តដាច់កាឡេ និងមិនបានពិនិត្យឱ្យបានដិតដល់ពីបច្ចេកទេសគ្រឿងយន្ត។

បច្ចុប្បន្ន សាកសពជនរងគ្រោះ ត្រូវសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯគេហដ្ឋាន ជាមួយនឹងការសោកស្តាយពីថ្នាក់ដឹកនាំសាលាដំបូងខេត្តកំពង់ធំ និងមន្ត្រីរួមការងារ៕

ដោយ៖សិលា


ចែករំលែក៖