ព័ត៌មានទាន់ហេតុការណ៍៖

នៅថ្ងៃទី២៣ កក្កដា ខាងមុខនេះ! ឥណ្ឌា អនុញ្ញាតឲ្យ ក្រុមហ៊ុនអាកាសចរណ៍អាមេរិក បើកដំណើរការជើងហោះហើរ ដឹកអ្នកដំណើរឡើងវិញ

ចែករំលែក៖

អន្តរជាតិ៖ យោងតាមទីភ្នាក់ងារសារព័ត៌មាន CNA នារសៀលថ្ងៃសៅរ៍ទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ ចេញផ្សាយថា រដ្ឋាភិបាលឥណ្ឌាបានសម្រេចយល់ព្រមអនុញ្ញាតឲ្យ ក្រុមហ៊ុនអាកាសចរណ៍អាមេរិក បើកដំណើរការជើងហោះហើរ ដឹកអ្នកដំណើរឡើងវិញហើយ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ២៣ ខែកក្កដា ខាងមុខនេះតែម្តង។ នេះបើតាមការអះអាងពីរដ្ឋាភិបាលឥណ្ឌា បានប្រកាសកាលពីថ្ងៃសុក្រម្សិលមិញនេះ

គួរបញ្ជាក់ថា កាលពីខែមិថុនា កន្លងទៅនេះ អាជ្ញាធរឥណ្ឌា បានហាមឃាត់រាល់ការហោះហើរទាំងអស់មកពីសហរដ្ឋអាមេរិក ក្រោមហេតុផលថា៖ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 ពាក់ព័ន្ធជុំវិញបញ្ហានេះដែរ នាយកដ្ឋានដឹកជញ្ជូនអាមេរិក បានចោទប្រកាន់រដ្ឋាភិបាលឥណ្ឌាថា«បានបង្កភាពអយុត្តិធម៌ និងរើសអើង» មកលើសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសរបស់អាមេរិកទៀតផង។

ទោះជាយ៉ាងណា ក្រុមអ្នកតំណាងឲ្យក្រុមហ៊ុនអាកាសចរណ៍ធំៗរបស់សហរដ្ឋអាមេរិក និងស្ថានទូតឥណ្ឌានៅទីក្រុងវ៉ាស៊ីនតោន មិនទាន់បានធ្វើអត្ថាធិប្បាយភ្លាមៗ នៅឡើយទេជុំវិញរឿងនេះ។

ដោយឡែកក្រសួងអាកាសចរណ៍ស៊ីវិលឥណ្ឌានាព្រឹកថ្ងៃសៅរ៍នេះដែរ បានចេញសេចក្តីតីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើបណ្ដាញសង្គមគណនី Twitter ដោយបានគូសបញ្ជាក់ថា៖ ខ្លួននឹងពង្រីកប្រតិបត្តិការ រវាងអាកាសចរណ៍អន្តរជាតិបន្ថែមទៀត ក៏ដូចជាកំពុងរៀបចំបើកដំណើរការជើងហោះហើរមួយចំនួនឡើងវិញ ជាមួយសហរដ្ឋអាមេរិក, អេមីរ៉ាត់អារ៉ាប់រួម, បារាំង, អាល្លឺម៉ង់ និងបណ្តាប្រទេសជាច្រើនទៀតផងដែរ៕

ដោយ៖ស តារា


ចែករំលែក៖