ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស៊េរីទំនើប៧គ្រឿងពាក់ស្លាកលេខ ខ.ម គ្មានឯកសារបង់ពន្ធគ្រប់គ្រាន់ ត្រូវកងរាជអាវុធហត្ថប្រគល់ជូនគយជាលើកទី២

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ កងរាជអាវុធហត្ថខេត្តបានប្រគល់រថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ ដោយគ្មានឯកសារគ្រប់គ្រាន់ គេចមិនបង់ពន្ធចូលរដ្ឋចំនួន៧គ្រឿងជូនទៅគយនាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ នៅមូលដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង។

ដោយមានការចង្អុលបង្ហាញនិងបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកអៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបើកកិច្ចប្រតិបត្តិការត្រួតពិនិត្យទៅលើយានយន្តពាក់ស្លាកលេខ ខ.ម ឆ្លងកាត់ក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង។

ដោយមានការសង្ស័យក្រោយពីបានទទួលបទបញ្ជា ទើបកម្លាំងកងរាជអាវុធហត្ថ បានធ្វើការស្ទាក់ឃាត់រថយន្តខាងលើសួរនាំ និងត្រួតពិនិត្យរកឯកសារ។ ក្រោយការពិនិត្យរួចឃើញថារថយន្តទាំងនោះពាក់ស្លាកលេខ ខ.ម ក្លែងក្លាយគ្មានឯកសារពាក់ព័ន្ធ និងបង់ពន្ធត្រឹមត្រូវក៏បានឃាត់នាំយកមកបន្ទាយតែម្តង។

ក្នុងប្រតិបត្តិការនេះកម្លាំងកងរាជអាវុធខេត្តត្រួតពិនិត្យលើយានយន្តនៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង បានរកឃើញរថយន្តប្រភេទចង្កូតស្ដាំ ពាក់ស្លាកលេខក្លែងក្លាយ មិនមែនជារបស់កងទ័ពនិងគ្មានឯកសារបង់ពន្ធនាំចូលត្រឹមត្រូវ ចំនួន ៧គ្រឿងយកមករក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថខេត្ត។

លោកព្រាប គារ៉ាត ប្រធានការិយាល័យតំបន់៦ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសគយ បានប្រាប់អ្នកសារព័ត៌មានយើងថា រថយន្តទាំងអស់ដែលខាងកម្លាំងកងរាជអាវុធហត្ថខេត្តបង្ក្រាបបាន គយបានមកទទួលយក គឺជាប្រភេទរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយដែលមិនមែនជាបន្ទុករបស់រដ្ឋ និងជារថយន្តអត់ពន្ធនាំចូល។

លោកព្រាប គារ៉ាត បានបញ្ជាក់ថា រថយន្តប្រើចង្កូតស្ដាំត្រូវបានប្រមុខរាជរដ្ឋាភិបាលហាមឃាត់មិនឲ្យនាំចូលក្នុងប្រទេសកម្ពុជាយើងតាំងពីឆ្នាំ២០១៥មកម្ល៉េះហើយបើសិនជាមានឃើញរថយន្តប្រភេទចង្កូតស្ដាំ ស៊េរីទំនើបត្រូវតែបង្ក្រាប។

លោកបានបញ្ជាក់ទៀតថា ខាងគយរបស់លោកទទួលទិសតំបន់៦ បានទទួលយករថយន្តអត់បង់ពន្ធជាង១០គ្រឿងហើយ ពីកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង។

នេះគឺជាលើកទី២ហើយដែលកងរាជអាវុធហត្ថខេត្តបានប្រគល់រថយន្តចំនួន៧គ្រឿងបន្ថែមទៀតមកឱ្យគយដើម្បីបន្តអនុវត្តតាមនីតិវិធីច្បាប់។

ជាចុងក្រោយលោកព្រាប គារ៉ាត ក៏បានកោតសរសើរនិងថ្លែងអំណរគុណដល់កម្លាំងកងរាជអាវុធហត្ថខេត្ត ដែលបានបម្រើការងារនៅផ្នែកកងទ័ព ហើយដែលបានបង្ក្រាបរថយន្តអត់ពន្ធជាច្រើនគ្រឿងដែលប្រើស្លាកលេខ ខ.ម ក្លែងក្លាយ យកឈ្មោះអង្គភាពមកបន្លំប្រើប្រាស់ផ្ទាល់ខ្លួន វាខុសទៅនិឹងច្បាប់ ហើយប្រគល់មកឲ្យនាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើសគយ៕

ដោយ៖មាស សុផាត


ចែករំលែក៖