អន្តរជាតិ៖ កម្លាំងទាហានឆត្រយោងឥណ្ឌា បានហ្វឹកហាត់លោតឆត្រយោងចុះនៅតំបន់ក្បែរបឹង Pangong Tso ដែលជាតំបន់មានវិវាទរវាងកម្លាំងទាហានឥណ្ឌានឹងចិន។
សារព័ត៌មាន Sputnik បានផ្សាយថា នៅក្នុងឃ្លីបវីដេអូបង្ហាញឲ្យឃើញថា កម្លាំងទាហានឆត្រយោងឥណ្ឌាបានលោតចុះពីលើយន្តហោះដឹកជញ្ជូនយោធា ប្រភេទLockheed C-130 Hercules ពីកម្ពស់៤.៣៥០ម៉ែត្រ។ សមយុទ្ធខាងលើធ្វើឡើងនៅថ្ងៃទី១៧ ខែកក្កដា កន្លងមក នៅក្បែរបឹង Pangong Tso ក្នុងតំបន់ Stakna, ស្រុក Leh ស្ថិតនៅក្នុងរដ្ឋ Ladakh។
នៅក្នុងរូបភាពបង្ហាញឲ្យឃើញថា ទាហានឥណ្ឌាបានចុះដល់គោលដៅដែលបានកំណត់ទុកដោយមានសុវត្ថិភាព។ សកម្មភាពធ្វើសមយុទ្ធខាងលើកើតឡើងចំពេលដែលរដ្ឋមន្ត្រីការពារជាតិ ឥណ្ឌា លោកRajnath Singh បំពេញទស្សនកិច្ចរយៈពេល២ថ្ងៃទៅកាន់រដ្ឋ Ladakh ជាតំបន់ដែលមានវិវាទជាមួយចិននៅតាមព្រំដែន។ អមដំណើររដ្ឋមន្ត្រីការពារជាតិ មានអគ្គសេនាធិការកងទ័ពការពារជាតិឥណ្ឌា ឧត្តមសេនីយ៍ Bipin Rawat និងមេបញ្ជាការកងទ័ពជើងគោក ឧត្តមសេនីយ៍Manoj Mukund Naravane ។
ភាពតានតឹងនៅតាមបណ្តោយព្រំដែនឥណ្ឌា-ចិន កាន់តែខ្លាំងឡើងនៅរដ្ឋLadakh និងតំបន់ជាច្រើនទៀតនៅតាមបណ្តោយព្រំដែន LAC មានប្រវែងដល់ទៅ៤.០៥៧ គីឡូម៉ែត្រ។ ការប៉ះទង្គិចគ្នា កាលពីថ្ងៃទី១៥ខែមិថុនា បណ្តាលឲ្យទាហានឥណ្ឌា ២០នាក់ស្លាប់ ចំណែកភាគីចិនវិញមិនបានប្រកាសឡើយ តែឥណ្ឌាបញ្ជាក់ថាមានទាហានស្លាប់៤៣នាក់៕ដោយ៖ធី រីណា