ខេត្តស្វាយរៀង៖ បុរស២នាក់ជាបងប្អូនសាច់ថ្លៃនឹងគ្នាបានប្រើហិង្សាវាយគ្នាដៃនឹងដៃទៅវិញទៅមកបង្កការភ្ញាក់ផ្អើលទាំងយប់ដោយសារតែមានជម្លោះរឿងដីធ្លីដោះស្រាយមិនចេញ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣៥នាទីយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចភូមិវាលម្អម ឃុំថ្មី ស្រុកកំពង់រោទ៍ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ជនសង្ស័យដែលបង្កហេតុមុនមានឈ្មោះសេក ប៊ុនធឿន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិវាលម្អម ឃុំថ្មី ស្រុកកំពង់រោទ៍ខេត្តស្វាយរៀង។
ចំណែកភាគីជនរងគ្រោះមានឈ្មោះជា វណ្ណៈ អាយុ ៥០ឆ្នាំ មុខរបរគ្រូបង្រៀន ( ត្រូវជាបងថ្លៃ ) រស់នៅផ្ទះក្បែរគ្នារងរបួសរលាត់ចិញ្ចើម។ រីឯសម្ភារដែលខូចខាតរួមមានកៅអីជ័រនិងតុថ្មមួយឈុត។
ប្រភពបន្តថា មូលហេតុដែលបង្កឱ្យមានករណីហិង្សានេះកើតឡើងដោយសាររឿងទំនាស់ដីធ្លីជាមួយបងថ្លៃបន្តិចបន្តួចរហូតដល់និយាយដោះស្រាយគ្នាមិនចេញក៏ឈានដល់វាយគ្នាតែម្ដង។
បច្ចុប្បន្នសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាប្អូនថ្លៃនៅប៉ុស្ដិ៍រដ្ឋបាលឃ៉ំថ្មី ដើម្បីសាកសួរបន្តតាមច្បាប់ ៕ យឹម សុថាន