ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនម្នាក់ យកកាំបិតប៉័ងតោកាប់សន្តិសុខបណ្តាលអោយរងរបួសធ្ងន់ធ្ងរ​ គ្រាន់តែខឹងមិនអោយនាំឆ្កែចូលបន្ទប់សណ្ឋាគារ

ចែករំលែក៖

ភ្នំពេញ៖នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ នេះ លោក ឆឹម ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កំពុងសាកសួរបុរសជនជាតិចិនម្នាក់ ដែលស្រវឹងជោកជាំ យកកាំបិតប៉័ងតោកាប់សន្តិសុខនៃសណ្ឋាគារមួយ បណ្តាលអោយរងរបួសធ្ងន់ធ្ងរ ព្រោះខឹងមិនអោយនាំឆ្កែចូលបន្ទប់សណ្ឋាគារ ខណៈជនបង្ក រូបនេះ ត្រូវបានលោកព្រះរាជអាជ្ញារង សុក កែវបណ្ឌិត ចោទប្រកាន់រួចរាល់ហើយ ។

ហេតុការណ៍នៃអំពើហិង្សានេះ កើតឡើងកាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចសណ្ឋាគារមួយ​ នៃខណ្ឌចំការមន​ ។

ប្រភពព័ត៌មាន​ បញ្ជាក់ថា​ ហេតុការណ៍នេះអំពើហិង្សានេះ ត្រូវបានប្រភពព័ត៌មាន បញ្ជាក់ថា ដំបូង គឺ ជនបង្កឈ្មោះ Zhao Long Wei និង ប្រពន្ធបានមកពីខាងក្រៅ ។ ពេលមកដល់សណ្ឋាគារ មានកាន់កូនឆ្កែមួយ ។ ពេលនោះ ជនរងគ្រោះឈ្មោះ​ ចេវ​ សារួន​ ក៏បានធ្វើការហាមឃាត់ មិនអោយជនសង្ស័យយកឆ្កែចូលសណ្ឋាគារ ទេ ព្រោះជាបំរាមរបស់សណ្ឋាគារ ដោយជនបង្កមានអាការៈស្រវឹងជោកជាំផងដែរ ។

ទោះបីយ៉ាងណា ជនបង្កមិនស្តាប់ការហាមឃាត់ឡើយ ក៏បាននាំកូនឆ្កែឡើងតាមជណ្តើរយន្តទៅបន្ទប់ស្នាក់នៅជាន់ទី២៨ នៃសណ្ឋាគារ ។ ពេលនោះ ជនរងគ្រោះ និង សន្តិសុខ ផ្សេងទៀត បានទៅឃាត់ជនសង្ស័យមិនអោយយកឆ្កែចូលបន្ទប់ឡើយ ។ ទំនងជាខឹង , ជនបង្កបានចូលយកកាំបិតប៉័ងតោ មកកាប់លើជនរងគ្រោះ ចំចង្កេះខាងស្តាំបណ្តាលអោយរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ភ្លាមៗ ។

ចំណែកជនបង្ក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនមកតុលាការ ដើម្បីចាត់ការតាមច្បាប់ ៕ដោយ៖ចេស្ដា


ចែករំលែក៖