ខេត្តព្រៃវែង៖ បើយោងតាមប្រភព Heritages Daily-បេតិកភណ្ឌប្រចាំថ្ងៃ បានបញ្ជាក់ថា៖ បាភ្នំគឺ ភ្នំដ៏ធំមួយដែលមានកូនភ្នំ៥៖សំពៅ ចេតិយ បញ្ចា អ្នកតាទូលក្នៀស និងល្អាង តជាប់គ្នាជាជួរ។ ស្ថិតនៅក្បែរបាភ្នំ មានភ្នំតូចមួយទៀត។ តើអ្នកដឹងទេពាក្យថាភ្នំ? ភ្នំគឺជាកន្លែងដ៏ខ្ពស់ដែលមានបារមី ។
នៅលើបាភ្នំមានលោកយាយពណ៌សាឡី ប្រាសាទដំរីក្បាលបី ប្រាសាទព្រះពលា ប្រាសាទសាលាបុណ្យ ប្រាសាទជណ្ដើរបែកជាបី ប្រាសាទបានជ័យ ប្រាសាទពពាលខែ ប្រាសាទព្រះសេអាមេត្រី ប្រាសាទព្រះពិស្ណុការ ប្រាសាទស្គរជ័យ ប្រាសាទបិតាព្រះធម៌ ប្រាសាទភ្នំខ្សាច់ ជណ្ដើរពេន លោកតាបង្បត់ អ្នកសច្ចំខន្តី លោកយាយទេព ជាដើម។
មានជណ្តើរប្រាក់ ជណ្ដើរមាស និងជណ្ដើរពេជ្រសម្រាប់នាំយើងឡើងទៅដល់លើបាភ្នំ។
រិតតែអស្ចារ្យទៀតគឺ នៅក្បែរបាភ្នំមាន៖
១)ទួលនេនទុំលាចាកសិក្ខាបទដែលទួលនេះស្ថិតនៅក្នុងបរិវេណវត្តវិហារធំ ខាងកើតព្រះវិហារ។
២)ប្រាសាទព្រះវិហារច័ន្ទ នៅជើងភ្នំ។
៣)ទួលអ្នកតាមេ.សរ ដែលមានបារមីស័ក្តសិទ្ធិនៅខាងកើតបាភ្នំប្រហែល១.៥គីឡូម៉ែត។
៤)ស្រះស្រម នៅខាងកើតបាភ្នំប្រហែល៧០០ម៉ែត។
៥)ស្រះបិទបាយ (ខាងជើងបាភ្នំប្រហែល១.៥គីឡូម៉ែត) និង
៦)រូបសំណាក់នេនទុំ (ដឹកចានឆ្នាំងតាមរទេះគោ យកទៅលក់ឲ្យនាងទាវ)។
បាភ្នំស្ថិតនៅឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។
សូមជម្រាបថា បាភ្នំ ព្រះវិហារធំ ព្រះវិហារគុក និងព្រះវិហារច័ន្ទ បានចុះក្នុងបញ្ជីសារពើភណ្ឌជាសម្បត្តិបេតិកភណ្ឌជាតិ រួចហើយ។ រដ្ឋាភិបាលចេញលិខិតលេខ១៣៤៥ សជណ.កស ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ឱ្យក្រសួងបរិស្ថានសហការជាមួយស្ថាប័នពាក់ព័ន្ធរៀបចំអភិរក្សបាភ្នំ និងព្រះវិហារទាំងបីខាងលើជាតំបន់បេតិកភណ្ឌ សម្រាប់ជាមរតកមនុស្សគ្រប់ជំនាន់៕ដោយ៖សិលា