ភ្នំពេញ៖ សំណុំរឿងមេការហាងគុយទាវអង្គរជុំ សាខាបឹងសាឡាងវ៉ៃនារីម្នាក់បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរដោយសារតែបបួលទៅរួមភេទមិនបាននោះ គឺធ្លាក់ដល់ដៃចៅក្រមស៊ើបសួរ និងសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នហើយ។
សូមបញ្ជាក់ថា៖ សំណុំរឿងជនដៃដល់ឈ្មោះ កៅ ណូរ៉ា មេការហាងគុយទាវអង្គរជុំសាខាបឹងសាឡាងដែលវ៉ៃនារីម្នាក់បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរដោយសារតែបបួលទៅរួមភេទមិនបាននោះ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០នេះ កំពុងស្ថិតក្រោមចំណាត់ការចៅក្រមស៊ើបសួរ ។ នេះបើតាមការបញ្ជាក់របស់លោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ ប៉ុន្តែនៅរសៀលថ្ងៃដដែលនេះឮដំណឹងថា ចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនបណ្តោះអាសន្នហើយ។
បើតាមលោក គុជ គឹមឡុង គឺជនដៃដល់រូបនេះ ត្រូវបានលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទ
ហិង្សាដោយចេតនា តាមមាត្រា២១៧នៃក្រមព្រហ្មទណ្ឌ ។
សូមបញ្ជាក់ទៀតថា ៖ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ ស្ត្រីរងគ្រោះបានបង្ហោះវីដេអូស្វែងរកយុត្តិធម៌និងការជួយអន្តរាគមន៍ពីមហាជនតាមបណ្តាញ Tik Tok។
ជនរងគ្រោះបានរៀបរាប់ថា រូបនាងត្រូវបានមិត្តភក្ដិណែនាំឲ្យទៅអង្គុយញ៉ាំបាយកំដរភ្ញៀវដើម្បីទទួលបានប្រាក់ធីប២០ដុល្លារ នៅហាងគុយទាវអង្គរជុំម្ដុំបឹងសាឡាង ។ បន្ទាប់ពីញ៉ាំបាយរួច ភ្ញៀវ២នាក់បានបើកឡានជូននាងត្រឡប់ទៅផ្ទះវិញ តែនៅតាមផ្លូវលើរថយន្តភ្ញៀវម្នាក់បានបបួលនាងទៅរួមភេទ ដោយសន្យាថាឲ្យប្រាក់១០០ដុល្លារ តែនាងបានបដិសេធមិនទៅជាមួយ ក៏បណ្តាលឲ្យមានការប្រកែកគ្នារហូតឈានដល់ការប្រតាយប្រតប់គ្នា ។បន្ទាប់មកនាងបានបើកកញ្ចក់រថយន្តស្រែកឲ្យគេជួយ ទើបជនបង្កបានឈប់រថយន្តនិងគេចខ្លួនបាត់ ធ្វើឲ្យនាងមិនអស់ចិត្តក៏បានបង្ហោះវីដេអូតាមបណ្តាញ Tik Tok ជាបន្តបន្ទាប់ និងបន្តស្វែងរកការជួយអន្តរាគមន៍ពីសមត្ថកិច្ចក្បែរកន្លែងកើតហេតុក៏ដូចជាអ្នកសារព័ត៌មានផងដែរ។ ដោយការស្វែងការអន្តរាគមន៍ជាច្រើនកន្លែង ពុំអាចទទួលបានដំណោះស្រាយ ទើបនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ នាងបានសម្រេចចិត្តទៅប្ដឹងបន្តនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ តែម្តង ៕