កីឡាអន្តរជាតិ៖ ក្រុមតោខៀវ Chelsea បានបំបាក់ក្រុមបិសាចក្រហម Manchester United ក្នុងលទ្ធផល៣ទល់១ សម្រាប់ការប្រកួតក្របខ័ណ្ឌ FA Cup ឡើងទៅវគ្គផ្តាច់ព្រ័ត្រកាលពីរាត្រីថ្ងៃទី១៩ កក្កដាយប់មុិញ ធ្វើឲ្យក្រុមតោខៀវ ឡើងទៅប៉ះក្រុមកាំភ្លើងធំ Arsenal ដែលបានយកឈ្នះក្រុម Man City ។
សម្រាប់ការប្រកួតនៅកីឡដ្ឋាន Wembley កាលពីយប់មុិញ ក្រុមតោខៀវ Chelsea បានរកគ្រាប់បាល់នាំមុខ១គ្រាប់នៅតង់ទី១ ដោយកីឡាករ Olivier Giroud នៅនាទីទី៤៥។ ចូលដល់តង់ទី២នៅនាទីទី៤៦ កីឡាករ Mason Mount បានស៊ុតបាល់ពីចម្ងាយយ៉ាងល្អរកបាន១គ្រាប់ទៀតនាំមុខក្រុមបិសាចក្រហម ហើយនៅនាទីទី៧៩ខ្សែការពារ Harry Maguire ធ្វើឲ្យភ្លាត់ស្នៀតស៊ុតបាល់ចូលទីខ្លួនឯង ធ្វើឲ្យក្រុមតោខៀវ Chelsea នាំមុខ៣ទល់០។ ប៉ុន្តែជិតចប់ការប្រកួតទៅហើយកីឡាករ ខ្សែការពាររបស់ក្រុមតោខៀវធ្វើឲ្យមានកំហុស អាជ្ញាកណ្តាលបានកាត់សេចក្តីឲ្យបាល់ពិន័យ១១ម៉ែត្រនៅនាទីទី៨៥ ដែលជាការស៊ុតបាល់ប៉េណាល់ទីដោយកីឡាករ Bruno Fernandes ធ្វើឲ្យចប់ការប្រកួតក្រុមតោខៀវ Chelsea យកឈ្នះក្រុមបិសាចក្រហម Manchester United ក្នុងលទ្ធផល ៣ទល់១។
លទ្ធផលនេះធ្វើឲ្យក្រុមរបស់លោក Frank Lampard បញ្ចប់ការមិនដែលចាញ់១៩ប្រកួតជាប់គ្នារបស់ក្រុមបិសាចក្រហម Manchester United នៅក្នុងការប្រកួតទាំងអស់ និងជាការបាត់បង់ឱកាសប្រជែងពានមួយទៀតនៅរដូវកាលនេះសម្រាប់ក្រុមបិសាចក្រហម Manchester United ។
សូមបញ្ជាក់ថា ជ័យជម្នះរបស់ក្រុម Chelsea នេះនឹងធ្វើឲ្យក្រុមនេះឡើងទៅប៉ះក្រុមកាំភ្លើងធំ Arsenal វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup សម្រាប់រដូវកាល២០១៩-២០២០នៅថ្ងៃទី១ ខែសីហាខាងមុខ នៅកីឡដ្ឋានWembley ដដែល វេលាម៉ោង១១យប់ ម៉ោងនៅកម្ពុជា ៕ដោយ៖ភារៈ