ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងសភាពាណិជ្ជកម្មខេត្ត ផ្តល់ឈាមជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាមសម្រាប់ជួយជនរងគ្រោះដែលត្រូវការឈាមចាំបាច់

ចែករំលែក៖

ខេត្តកណ្តាល៖ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល ដឹកនាំដោយលោក ឧត្ដមសេនីយ៍ មេបញ្ជាការ ខេត្ត សហការជាមួយសហភាពសហព័ន្ធយុវជនខេត្តកណ្តាល ដឹកនាំដោយលោក គីម រិទ្ធី អភិបាលរងខេត្ត ជាប្រធានសហភាពសហព័ន្ធយុវជនខេត្ត ព្រមទាំងសភាពាណិជ្ជកម្មខេត្ត ដឹកនាំដោយលោក ឧកញ៉ា សុខ ស្រស់ និង មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានរៀបចំពិធីផ្តល់ឈាម ដើម្បីជួយជីវិតជនរងគ្រោះដែលត្រូវការឈាមចាំបាច់។ 

សមាសភាពចូលរួមមានលោក មេបញ្ជាការ មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ចាការ មេបញ្ជាការរងក្រុង/ស្រុកទាំង ១១ ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហាននៃកងរាជអាវុធហត្ថខេត្តកណ្ដាលជាច្រើនរូបផងដែរ។

នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកណ្តាល បានលើកឡើងថា អនុវត្តតាមភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និង សង្គ្រោះ ដែលជាយន្តការដឹកនាំដ៏មានប្រសិទ្ធភាពរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើឱ្យនាយ នាយរង នៃកងរាជអាវុធហត្ថខេត្តកណ្តាលទាំងអស់ បានយកអស់ស្មារតីអនុវត្តតួនាទីភារកិច្ច និងមានការទទួលខុសត្រូវខ្ពស់ ជាពិសេសកម្លាំងកងរាជអាវុធហត្ថបានត្រៀមរួចជាស្រេចដើម្បីជួយដល់ប្រជាពលរដ្ឋដែលកំពុងខ្វះឈាម និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។

លោកមេបញ្ជាការ បានសង្កត់ធ្ងន់ថា កងរាជអាវុធហត្ថខេត្តកណ្តាល បានធ្វើជាគំរូល្អ និងមានស្នាដៃកិត្តិយសកេរ្តិ៍ឈ្មោះល្អ នេះដោយមានការដឹកនាំចង្អុលបង្ហាញពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង លោកគង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ឱ្យយកចិត្តទុកដាក់ឈរលើការគោរពបទបញ្ជា ការគោរពវិន័យ សាមគ្គី ឯកភាពផ្ទៃក្នុង គោរពតាមឋានានុក្រម ពិសេសមានឆន្ទៈក្នុងការការពារនិងបម្រើប្រជាជន។ 

ជាមួយគ្នានោះផងដែរ កងរាជអាវុធហត្ថ ក៏មានតួនាទីយ៉ាងសំខាន់សម្រាប់ជួយដល់សង្គមទាំងមូលក្នុងការថែរក្សាការពារពង្រឹងសន្តិសុខ ស្ថិរភាពនយោបាយ និងរក្សាសណ្តាប់ធ្នាប់សាធារណៈ ហើយមកដល់បច្ចុប្បន្ននេះ កងរាជអាវុធហត្ថខេត្តកណ្តាល បានបង្កើតនូវសមិទ្ធផលជាច្រើន សម្រាប់អង្គភាពជាពិសេសក្រៅពីការងារស្នូល កងរាជអាវុធហត្ថ ខេត្តកណ្តាល បានចូលរួមសហការនិងចុះជួយដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា គ្រប់ទិសទី នៅពេលដែលប្រជាពលរដ្ឋមានតម្រូវការ។

សូមបញ្ជាក់ថា ក្នុងពេលកំពុងធ្វើការផ្តល់ឈាមនោះលោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុមន្ទីរ មេបញ្ជាការ មេបញ្ជាការរង ក្រុងស្រុក ទាំង១១ នាយ នាយរង ពលអាវុធហត្ថទាំងអស់ បានចូលរួមស្តាប់អនុសាសន៍សំខាន់ៗ របស់លោក ឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកណ្តាល ដែលបានផ្តល់កម្លាំងចិត្តដល់បងប្អូនចូលរួមដោយផ្ទាល់ក្នុងការផ្តល់ឈាមសម្រាប់បម្រើឱ្យជនរួមជាតិដែលមានតម្រូវការឈាមចាំបាច់ដើម្បីជួយសង្គ្រោះជីវិតមនុស្សនាពេលបច្ចុប្បន្ននិងទៅអនាគត។ ឆ្លៀតក្នុងឱកាសនោះដែរលោក មេបញ្ជាការ ក៏បានផ្សព្វផ្សាយផងដែរនូវសភាពការណ៍ជាតិ អន្តរជាតិ ពាក់ព័ន្ធបញ្ហាជម្ងឺកូវីដ-១៩ ដោយលោកសង្កត់ធ្ងន់ទៅលើការរួមសាមគ្គីគ្នា ទប់ស្កាត់ជំងឺនេះឱ្យមានប្រសិទ្ធភាព ដោយអនុវត្តទៅតាមវិធានការ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ជាពិសេសទៅទៀតលោក មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានចូលរួមផ្តល់ឈាមមុនគេ ដើម្បីធ្វើជាគំរូជូនដល់កងកម្លាំងចូលរួមទាំងអស់។

សូមជម្រាបជូនផងដែរថា សរុបទាំងកងកម្លាំង សមាជិក ស.ស.យ.ក សភាពាណិជ្ជកម្មខេត្តនិងប្រជាពលរដ្ធ អញ្ជើញចូលរួមក្នុងកម្មវិធីនេះ មានចំនួនជាង ២៥០នាក់ បានចូលរួមបរិច្ចាគឈាមបានចំនួនជាង ១១៥ប្លោក ៕ដោយ៖ឆ ដា


ចែករំលែក៖