ព័ត៌មានទាន់ហេតុការណ៍៖

ជី ដេវីត ថាកាដូរថយន្តRolls Royceឲ្យទេព បូព្រឹក្ស មិនមែនជាការសម្ញែងទ្រព្យ

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលក្នុងចង្កោមអ្នកសិល្បៈ និងអ្នកគាំទ្រ ក្រោយពីតារាចម្រៀង ជី ដេវីតបានកាដូររថយន្តទំនើបថ្លៃកប់ពពកម៉ាក Rolls Royce ឲ្យទៅគូស្នេហ៍តារាចម្រៀង ទេព បូព្រឹក្ស។ បង្ការកការរិះគន់ តារាចម្រៀងរូបនេះបញ្ជាក់ថា កាដូរថយន្តថ្លៃរាប់សែនដុល្លារអាមេរិកនេះមិនមែនជាការសម្ញែងទ្រព្យសម្បត្តិនោះទេ។
​ជាញឹកញាប់ តារាចម្រៀង ជី ដេវីត បានបង្ហាញភាពហ៊ឺហាស៊ីវិល័យ និងរូបភាពផ្អែមល្ហែមជាមួយគូស្នេហ៍ឲ្យទស្សនិកជនបានឃើញ។ ក្រៅពីភាពផ្អែមល្ហែមពួកគេក៏តែងតែកាដូឲ្យគ្នាទៅវិញទៅមកនូវសម្ភារប្រណីតបែបអភិជននូវគ្រឿងអលង្ការ និងរបស់ប្រើប្រាស់ថ្លៃរាប់ម៉ឺនរាប់សែនដុល្លារសហរដ្ឋអាមេរិក រហូតធ្វើឲ្យអ្នកគាំទ្រអ្នកទាំងពីរបើកភ្នែកចំហរមាត់គ្រប់ៗគ្នា។ កាន់តែធ្វើឲ្យគេចាប់អារម្មណ៍ក្រោយពីលោក ជី ដេវីតបានកាដូនូវរថយន្តទំនើបថ្នាក់អភិជនRolls Royce Ghost ឲ្យទៅទេព បូព្រឹក្សជាកាដូថ្ងៃកំណើតស្នេហ៍របស់ពួកគេពួកគេបានក្លាយជាតារាចម្រៀងនៅកម្ពុជាទី១ដែលមានរថយន្តប្រណីតបែបនេះជិះ បន្ទាប់ពីតារាចម្រៀងនិងសម្តែងជាច្រើនប្រើប្រាស់ត្រឹមរថយន្តប្រណីតLexus 570 ប៉ុណ្ណោះ។ ជី ដេវីត បញ្ជាក់ថា មិនមែនជាការសម្ញែងទ្រព្យទៅកាន់អ្នកគាំទ្រ ទេ ប៉ុន្តែគឺជាការលើកទឹកចិត្ត និងបង្ហាញពីលទ្ធផលដែលបានមកពីការតស៊ូរបស់លោក និងគូស្នេហ៍។ លោកបន្តថាលោកពិតជាស្រណោះគ្រាដែល ៧ឆ្នាំមុនគ្រាដែលលោកចូលសិល្បៈគឺមានត្រឹមម៉ូតូចាស់មួយ និងឆ្លងកាត់ការមើលងាយពីមនុស្សមួយចំនួន។ លោកថា បច្ចុប្បន្ន លោក និងគូស្នេហ៍មានមុខរបររួមគ្នា មានផ្ទះសមរម្យ ការងារសិល្បៈរីកចម្រើន និងទទួលបានការគាំទ្រច្រើនពីទស្សនិកជន។
​គួរបញ្ជាក់ដែរថា ចាប់ដៃគូ និងក្លាយជាគូស្នេហ៍អស់ជាច្រើនឆ្នាំ តារាចម្រៀង រ៉េប លោក ជី ដេវីត និងកញ្ញា ទេព បូព្រឹក្សទទួលបានការគាំទ្រកាន់តែខ្លាំងពីទស្សនិកជន បើទោះបីជាពេលនេះពួកគេមិនបានជ្រកក្រោមដំបូលផលិតកម្មហង្សមាសក៏ដោយ។ មុនពេលចាប់ដៃគូ គ្នានេះដែរ អតីតម្ចាស់បទ”រាំញីកែងជើង” រូបនេះធ្លាប់សាងភាពស្និទ្ធស្នាលនិងជាដៃគូស្អិតរមួតជាមួយតារាចម្រៀង ពេជ្រ សោភា។ លោកក៏កាន់តែធ្វើឲ្យមហាជនចាប់អារម្មណ៍ក្រោយពីក្លាយខ្លួនជាតារាចម្រៀងឯករាជ និងធ្លាប់បានចេញបទចម្រៀងជាច្រើនបន្តបន្ទាប់រហូតក្រុមហ៊ុនទូរស័ព្ទចល័តមួយបានរៀបចំការប្រគំតន្ត្រីពិសេសសម្រាប់ជាជំនួបរវាងលោកនិងអ្នកគាំទ្រជាច្រើនផងដែរ៕


ចែករំលែក៖