អន្តរជាតិ៖ នាវាដឹកប្រេង MV Curacao ត្រូវក្រុមចោរសមុទ្រនៅតំបន់អាហ្វ្រិកកណ្តាល វាយប្រហារនៅតំបន់ឆ្នេរសមុទ្រBenin មានចម្ងាយប្រមាណ៣០០គីឡូម៉ែត្រ។ ក្នុងចំណោមនាវិក១៩នាក់នៅលើនាវានោះ មាន១៣នាក់ជាជនជាតិ រុស្ស៊ីនិងអ៊ុយក្រែន ត្រូវបានក្រុមចោរសមុទ្រចាប់ធ្វើជាចំណាប់ខ្មំាង។
ក្រុមហ៊ុន Alison Management ដែលមានទីតាំង នៅក្នុងរដ្ឋធានីAthens ប្រទេសក្រិចនៅថ្ងៃទី ២០ខែកក្កដានេះបានប្រកាសឲ្យដឹងថា ក្រុមចោរសមុទ្រប្លន់នាវាតាំងពីថ្ងៃទី១៧ ខែកក្កដា ហើយបានចាប់ខ្លួននាវិកជនជាតិរុស្ស៊ីនិងអ៊ុយក្រែនធ្វើជាចំណាប់ខ្មាំង។ ទីកន្លែងដែលនាវារងការវាប្រហារប្លន់ពីក្រុមចោរសមុទ្រនោះ មានចម្ងាយពីឆ្នេរសមុទ្រBenin ៣០០ គីឡូម៉ែត្រ ។
តាមការលើកឡើងរបស់ក្រុមហ៊ុន Alison Management នាវាដឹកទំនិញក្លាសេ របស់ក្រុមហ៊ុន ត្រូវបានបញ្ជូនទៅជួយដល់នាវាដឹកប្រេងខាងលើ ជាមួយគ្នានេះក្រុមហ៊ុនកំពុងស្វែងរកមធ្យោបាយ ដើម្បីជួយដល់នាវិកដែលត្រូវក្រុមចោរសមុទ្រចាប់ខ្លួន។
ឈូងសមុទ្រ Guinea និងឆ្នេរសមុទ្រ នីហ្សេរីយ៉ា ស្ថិតនៅក្នុងចំណោមតំបន់សមុទ្រដែលមានគ្រោះថ្នាក់បំផុតលើពិភពលោក ដោយសារតែមានមានក្រុមចោរសមុទ្របានប្លន់នាវាដឹកទំនិញជាបន្តបន្ទាប់ ដើម្បីទាមទារប្រាក់ ពីម្ចាស់នាវា។
កុំថាឡើយតំបន់សមុទ្រអាហ្វ្រិក នៅទ្វីបអាស៊ី ក្រុមចោរសមុទ្រក៏បានធ្វើសកម្មភាពប្លន់ កើនឡើងខ្ពស់ ដោយសារតែ វិបត្តិអត់ការងារធ្វើ ពាក់ព័ន្ធកូវីដ-១៩ ៕ដោយ៖ធី រីណា