ប្រទេសអាល្លឺម៉ង់៖ យ៉ាងហោចណាស់ក៏មានមនុស្ស ៣៩នាក់ដែរត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការវាយប្រហារ គប់ដបទឹកទៅលើកម្លាំងប៉ូលិស នៅក្នុងពិធី«ជប់លៀងកូរ៉ូណា»ដែលមានការចូលរួមពីក្រុមយុវជនរាប់ពាន់នាក់ នៅកណ្តាលទីក្រុង ហ្វ្រង់ហ្វើត ប្រទេសអាល្លឺម៉ង់។
នៅក្នុងការប៉ះទង្គិចគ្នានោះក៏មានមន្ត្រីប៉ូលិស៥នាក់រងរបួសដែរនាវេលាម៉ោង៣ទៀបភ្លឺ ក្រោយពីកម្លាំងសន្តិសុខបានចូលទៅរារាំងរហូតមានការប៉ះទង្គិចគ្នានៅក្នុងតំបន់ Opera ក្នុងទីក្រុងហ្វ្រង់ហ្វើត។ តំបន់ខាងលើបានក្លាយជាទីតាំងសម្រាប់ពិធីជប់លៀងផ្សេងៗ ក្រោយក្លិបកម្សាន្តនានាត្រូវបិទទ្វារដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។
ស្នងការប៉ូលិសទីក្រុងហ្វ្រង់ហ្វើតលោកFrankfurt Gerhard Bereswill បានឲ្យដឹងថា ពលរដ្ឋប្រមាណ៣០០០នាក់ ភាគច្រើនជាយុវវ័យបានប្រមូលផ្តុំគ្នានៅទីលាន Opera ប៉ុន្តែនៅពេលមានការប៉ះទង្គិចគ្នាកើតឡើងមានមនុស្សប្រមាណតែ៥០០-៨០០នាក់ប៉ុណ្ណោះ។
ហេតុការណ៍ប៉ះទង្គិចគ្នាកើតឡើង ក្រោយពេលប៉ូលិសបានទៅជួយដល់បុរសម្នាក់ដែលត្រូវគេវាយហូរឈាមនៅក្នុងការឈ្លោះប្រកែកគ្នាមួយ។ ប៉ុន្តែនៅពេលនោះក្រុមយុវជនដែលនៅទីនោះបែរជាវាយប្រហារទៅលើកម្លាំងប៉ូលិសទៅវិញ ដោយគប់ដបទឹកទៅលើកម្លាំងប៉ូលិស។ ប៉ូលិសក៏បានបន្ថែមកម្លាំង ហើយចាប់បានជនដៃដល់៣៩នាក់ក្នុងនោះមានស្ត្រីម្នាក់ ។
ហេតុការណ៍ខាងលើកើតឡើងក្រោយរយៈពេល១ខែដែលមានអំពើហិង្សាកើតឡើងជាទ្រង់ទ្រាយធំនៅទីក្រុងStuttgart ពេលក្រុមជ្រុលនិយមវាយប្រហារប៉ូលិសដោយគប់ដុំថ្ម វាយប្រហារហាងលក់ទំនិញ ឆក់ប្លន់កើតឡើង។ សកម្មភាពទាំងនោះកើតចេញពីបាតុកម្មប្រឆាំងការរើសអើងជាតិសាសន៍នៅក្នុងប្រទេសនេះ៕ដោយ៖ធី រីណា