ភ្នំពេញ៖ ជនសង្ស័យមួយក្រុមជិះម៉ូតូមកពីក្រោយជនរងគ្រោះហើយបានធ្វើសកម្មភាពធាក់ម៉ូតូជនរងគ្រោះបណ្ដាលឲ្យដួលម៉ូតូបោកផ្ទប់ទៅនិឹងរានទេវតាពេញទំហឹងធ្វើឲ្យរងរបួសធ្ងន់ទាំងពីរនាក់ ចំណែកជនសង្ស័យបានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល។ជនរងគ្រោះត្រូវបានប្រជាពលរដ្ឋខលហៅរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅមន្ទីរពេទ្យ តែជាអកុសលបានស្លាប់ម្នាក់ពេលបញ្ជួនដល់មន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង១២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៧ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍បានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញយុវជនពីរនាក់មិនទាន់ស្គាល់អត្តសញ្ញាណជិះម៉ូតូមួយគ្រឿងម៉ាកវ៉េវ ពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1GP-2308បើកបរដោយយុវជនម្នាក់និងមានអ្នករួមដំណើរម្នាក់ផងដែរក្នុងទិសដៅពីត្បួងទៅជើង លុះមកដល់កន្លែងកើតហេតុស្រាបតែលេចមុខជនសង្ស័យមួយក្រុមមិនស្គាល់អត្តសញ្ញាណជិះម៉ូតូមកពីក្រោយបានធ្វើសកម្មភាពធាក់ទៅលើជនរងគ្រោះបណ្ដាលឲ្យម៉ូតូរេចង្កូតជ្រុលទៅបុករានទេវតាពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះទាំងពីរនាក់រងរបួសយ៉ាងធ្ងន់ធ្ងរ ភ្លាមៗនោះជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល ចំណែកជនរងគ្រោះត្រូវបានប្រជាពលរដ្ឋឃើញក៏នាំគ្នាទៅមើលហើយក៏បានទំនាក់ទំនងហៅរថយន្តសាមុយដឹកជនរងគ្រាះយកទៅមន្ទីរពេទ្យភ្លាមៗតែជាអកុសលត្រូវបានស្លាប់ម្នាក់ពេលបញ្ជូនដល់មន្ទីរពេទ្យចំណែកម្នាក់ទៀតរងរបួសធ្ងន់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសាច់ញាតិមកមើលនៅឯមន្ទីរពេទ្យ ដោយអ្នករបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំណែកបុរសម្នាក់ទៀតស្លាប់ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយ៖ផេង ភាព