ភ្នំពេញ ៖ នៅរសៀលថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំរដ្ឋបាលខណ្ឌដង្កោ មានរៀបចំពិធីផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្ដរស័ក្តិ និងប្រគល់បណ្ណសរសើរ-លិខិតសរសើរជូនមន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលរាជរាជធានីភ្នំពេញ ។
ក្នុងពិធីនេះ មានការចូលរួមពីលោកឧត្តមសេនីយ៍ទោ លួ រ៉ាបូ ស្នងការរង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក ទុយ ច័ន្ទ អភិបាលរងខណ្ឌដង្កោតំណាងលោកស្រី គឹម ញឹប អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ និងលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ។
ឆ្លៀតក្នុងឱកាសពិធីតែងតាំងមុខតំណែង-បំពាក់ឋានន្តរស័ក្តិ និងប្រគល់បណ្ណសរសើរ-លិខិតសរសើរ ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលជាតិនេះ លោកឧត្តមសេនីយ៍ទោ លួ រ៉ាបូ ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកោតសរសើរដល់មន្ត្រីកងកម្លាំងនគរបាលគ្រប់ផ្នែក ប៉ុស្តិ៍ដែលខិតខំសម្រេចបានសមិទ្ធផលជាច្រើនក្នុងការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងមានឥរិយាបថទន់ភ្លន់ ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋអឱ្យបានឆាប់រហ័ស ទាន់ពេលវេលា និងត្រូវបន្តការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដើម្បីមូលដ្ឋានគ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ព្រមទាំងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតអប្បបរមា។
បន្ថែមពីនេះត្រូវគោរពឱ្យបានម៉ឺងម៉ាត់នូវវិន័យរបស់កងកម្លាំងនគរបាលជាតិ ចេះសាមគ្គីភាពឯកភាពផ្ទៃក្នុង ដើម្បីក្លាយខ្លួនជាមន្ត្រីគំរូដែលជាជំនឿជឿទុកចិត្តរបស់ប្រជាពលរដ្ឋគ្រប់ៗរូបនៅក្នុងមូលដ្ឋានផងដែរ ៕ ដោយ៖ ភារ៉ា ដង្កោ