ព័ត៌មានទាន់ហេតុការណ៍៖

ចិន៖ ចាប់ផ្តើមបើករោងភាពយន្តឡើងវិញ ក្រោយផ្អាកសកម្មភាពអស់ជាងច្រើនខែ ដើម្បីទប់ស្កាត់កូវីដ-១៩

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពីស្ថានការណ៍កូវីដ១៩ នៅប្រទេសចិន បានធូរស្រាលនោះ រដ្ឋបាលភាពយន្តចិន បានអនុញ្ញាតិឲ្យបើករោងភាពយន្តឡើងវិញក្រោយផ្អាកសកម្មភាពអស់រយៈពេល៦ខែ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩

យោងតាមការចេញផ្សាយ របស់សារព័ត៌មាន BBC នៅថ្ងៃទី២០ ខែកក្កដាឆ្នាំ២០២០ម្សិលមិញនេះ បានបញ្ជាក់ថា ដោយសារតែនៅតាមតំបន់ភាគច្រើន លើផ្ទៃប្រទេសត្រូវបានចាត់ទុកថា មានហានិភ័យទាប ដូច្នេះគេរំពឹងថា កន្លែងកំសាន្តដែលត្រូវបានបិទនាពេលកន្លងមក នឹងបើកដំណើរការឡើងវិញទូទាំងប្រទេស។ ជាក់ស្តែងរោងភាពយន្តនៅប្រទេសចិន បានបង្ខំចិត្តបិទទ្វារតាំងពីខែមករា ខណៈមនុស្សជាច្រើនក៏បានបង្ខំចិត្ត ឲ្យចាកឆ្ងាញពីអាជីវកម្មរបស់ពួកគេ និងបន្តនៅក្នុងផ្ទះ ដើម្បីការពារការរីករាលដាលកូវីដ១៩។

សូមជម្រាបថា រាល់រោងភាពយន្តដែលបើកដំណើរការឡើងវិញ នឹងត្រូវអនុវត្តន៍ច្បាប់តឹងរ៉ឹង ដោយក្នុងនោះការចាក់បញ្ចាំង គឺត្រូវកំណត់អ្នកចូលទស្សនាឲ្យមកនៅ ៣០ភាគរយ ខណៈចំនួនភាពយន្តដែលត្រូវបញ្ចាំងនៅតាមរោងនីមួយៗ ត្រូវកាត់បន្ថយឲ្យមកនៅ ត្រឹម៥០ភាគរយប៉ុណ្ណោះ។

បន្ថែមពីនេះមុននឹងចូលរោងភាពយន្ត គឺត្រូវឆ្លងកាត់ការពិនិត្យកំដៅ និងត្រូវពាក់ម៉ាស់ជាប្រចាំផងដែរទាំងអ្នកចូលទស្សនា និងបុគ្គលិករោងភាពយន្ត។ចំណែកឯ ការបញ្ជាទិញសំបុត្រត្រូវធ្វើឡើងតាមរយៈអនឡាញ និងមានការបែងចែកក្រុមអតិថិជន ដោយអង្គុយនៅគម្លាត១ម៉ែត្រ។ ក្រោមការអនុវត្តន៍ច្បាប់យ៉ាងតឹងរ៉ឹងនេះ រាល់ភេសជ្ជៈ និងអាហារ មិនអនុញ្ញាតឲ្យយកចូលរោងភាពយន្តឡើយ។ កត្តានេះនឹងក្លាយជាផលប៉ះពាល់ថ្មីមួយ ព្រោះប្រៀបបាននឹងការបាត់បង់ប្រាក់ចំណូលសម្រាប់អាជីវករ។

គួរបញ្ជាក់ថា ប្រទេសចិនដែលជាចំណុចកណ្តាលនៃការរាតត្បាតកូវីដ១៩គឺជាទីផ្សារភាពយន្តដ៏ធំទី២ របស់ពិភពលោក ជាមួយទំហំតម្លៃទីផ្សារភាពយន្តក្នុងស្រុក មានចំនួន៩. ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៩៕ដោយ៖ស តារា


ចែករំលែក៖